អ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក លើការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ប្រចាំខែ
គៀវ៖ អ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក លើការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ប្រចាំខែ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ទោះបីជាការផ្គត់ផ្គង់នៅតែមិនគ្រប់គ្រាន់ក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដោយដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុង Belgrade លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ដល់អ៊ុយក្រែន ជារៀងរាល់ខែ។ ទោះជាយ៉ាង ណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា បរិមាណនេះមិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការការពារ ដែនអាកាសរបស់ប្រទេសនោះទេ។
លោកបានកត់សម្គាល់ថា ចំនួនមីស៊ីលស្ទាក់ចាប់ដែលអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងទទួលបាននៅឆ្នាំ២០២៦ នឹងទាបជាងនៅឆ្នាំ២០២៥ ដោយមិនបានបង្ហាញតួលេខជាក់លាក់។
យោងតាមរបាយការណ៍មុនៗ លោក ហ្សេឡិនស្គី បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាមួយថ្នាក់ដឹកនាំណាតូនៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែនថា ការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ជាក់ស្តែងពីសម្ព័ន្ធមិត្តបានធ្លាក់ចុះ ដែលភាគច្រើនដោយសារតែជម្លោះដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា









