រុស្ស៊ី បេីកការវាយប្រហារលេីទីតាំងឧស្សាហកម្មយោធា និងឃ្លាំងប្រេងឥន្ធនៈ នៅទីក្រុងគៀវ
មូស្គូ៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារមួយយប់លើទីតាំងយោធា និងប្រេងឥន្ធនៈនៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនោះបានវាយប្រហារ ទីតាំងឧស្សាហកម្មមួយ ដែលមានឈ្មោះថា Kiev-111 និងដំណើរការដោយ Fire Point ដែលផលិតគ្រឿងបន្លាស់មីស៊ីល និងរក្សាទុកសម្ភារៈ ដែលប្រើក្នុងការផលិតរបស់ពួកគេ ។
ក្រសួងបានឧ្យដឹងថា ឃ្លាំងប្រេងឥន្ធនៈ និងប្រេងរំអិលមួយដែលមានឈ្មោះថា Kiev-3 ដែលដំណើរការដោយ Grandterminal LLC ក៏ត្រូវបានវាយប្រហារផងដែរ ដែលឃ្លាំងនេះផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីក៏បានឧ្យដឹងផងដែរថា នាវាផ្ទុកអាវុធ និងឧបករណ៍យោធាពីរគ្រឿង ទៅកាន់កំពង់ផែអ៊ុយក្រែនត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកវាយប្រហារនៅភាគខាងត្បូង និងខាងកើតនៃទីក្រុង Odessa។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិផ្លូវអាកាសរុស្ស៊ីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៩៧គ្រឿងពេញមួយយប់នៅលើទឹកដីរុស្ស៊ី ។
ដោយឡែកពីគ្នានេះ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្ស ៥នាក់រងរបួស និងបណ្តាលឱ្យមានអគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេង Ilsky ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី នេះបើយោងតាមទីស្នាក់ការប្រតិបត្តិការសង្គ្រោះបន្ទាន់ក្នុងតំបន់៕









