ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការសភាអ៊ីរ៉ង់​ អនុម័តផែនការសកម្មភាពសន្តិសុខ នៃច្រកសមុទ្រ ហ័រមូស

តេអេរ៉ង់៖ គណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់​ បានអនុម័តគ្រោងទូទៅនៃផែនការសកម្មភាពយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខ និងវឌ្ឍនភាពប្រកបដោយចីរភាពនៃច្រកសមុទ្រហ័រមូស​ និងឈូងសមុទ្រ ។

ផែនការនេះត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមួយ ហើយត្រូវបានអនុម័តដោយគ្មានការជំទាស់ នេះបើយោងតាមអ្នកនាំពាក្យគណៈកម្មាធិការលោក Hassan Qashqavi។

លោក Qashqavi បានលេីកឡេីងថា អ្នកតាក់តែងច្បាប់បានពិនិត្យឡើងវិញនូវការដាក់ស្នើពីស្ថាប័នពាក់ព័ន្ធរបស់អ៊ីរ៉ង់ មុនពេលអនុម័តក្របខ័ណ្ឌទូទៅនៃផែនការនេះ។
យោងតាម ​​IRNA ច្បាប់នេះត្រូវបានណែនាំជាផ្លូវការទៅកាន់សភានៅថ្ងៃទី១៣​ ខែកក្កដា។

អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនៅថ្ងៃទី ២៨​ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។

កាលពីខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់​ ផងដែរ។

ភាគីទាំងពីរត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែការកើនឡើងថ្មីៗនេះនៅក្នុងតំបន់បានធ្វើឱ្យជោគវាសនានៃកិច្ចចរចាមិនច្បាស់លាស់។

កាលពីខែកក្កដា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកច្រើនសារទៅលើគោលដៅអ៊ីរ៉ង់ ដោយថាពួកគេជាការឆ្លើយតប ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវា នៅក្នុងច្រកសមុទ្រ និងមានគោលបំណង “ធ្វើឱ្យខូចសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូនពាណិជ្ជកម្ម”។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋាន និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិក​ នៅក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top