អ៊ីស្រាអែល បដិសេធផែនការ សន្តិភាពហ្គាហ្សា ១៥ ចំណុច ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល បដិសេធផែនការសន្តិភាពហ្គាហ្សា ១៥ ចំណុចដែលបង្ហាញដោយ «ក្រុមប្រឹក្សាសន្តិភាព» ដឹកនាំដោយសហរដ្ឋអាមេរិក ដោយអះអាងថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកថយទេ រហូតដល់ក្រុមហាម៉ាស់ ត្រូវបានដកហូតអាវុធទាំងស្រុង។
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោកស្រ Varsen Aghabekian Shahin បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាកំពុងព្យាយាមពន្យារពេលកិច្ចព្រមព្រៀង ហ្គាហ្សារហូតដល់ក្រោយ ការបោះឆ្នោតខែតុលា របស់អ៊ីស្រាអែល ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បានបដិសេធជាផ្លូវការនូវផែនទី បង្ហាញផ្លូវសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាផ្លូវការទៅកាន់វិទ្យុ Voice of Palestine លោកស្រី Shahin បានឧ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ “មិនចង់ឈានដល់កិច្ចព្រមព្រៀងទេ” ហើយចង់រក្សាប្រជាជនប៉ាឡេស្ទីន ឱ្យស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
លោកស្រីក៏បានព្រមានអំពី “ការផ្លាស់ប្តូរដ៏គ្រោះថ្នាក់” នៅក្នុងអំពើហិង្សារបស់អ្នកតាំងលំនៅនៅតំបន់ West Bank ដោយថាវាកាន់តែមានការសម្របសម្រួល ប្រដាប់អាវុធ និងបំផ្លិចបំផ្លាញ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិត របស់ប្រជាជនប៉ាឡេស្ទីន និងធ្វើឱ្យខូចដល់ការរំពឹងទុកសម្រាប់ដំណោះស្រាយរដ្ឋពីរ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា អ៊ីស្រាអែល បដិសេធផែនការបង្ហាញផ្លូវសន្តិភាពហ្គាហ្សាចំនួន ១៥ ចំណុច ដែលបង្ហាញដោយ «ក្រុមប្រឹក្សាសន្តិភាព» ដឹកនាំដោយសហរដ្ឋអាមេរិក ដោយទទូចថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកថយទេ រហូតដល់ក្រុមហាម៉ាស់ ត្រូវបានដកហូតអាវុធទាំងស្រុង។
លោកបានលេីកឡេីងថា «នៅពេលដែលខ្ញុំនិយាយថាការដកហូតអាវុធហាម៉ាស់ ខ្ញុំចង់មានន័យថា អាវុធធុនធ្ងន់ អាវុធធុនស្រាល និងអាវុធទាំងអស់»។ ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសរបស់លោក ណេតាន់យ៉ាហ៊ូ ក្រុមហាម៉ាស់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះផែនការនេះ នៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានមួយ៕
ប្រែសម្រួល ឈូក បូរ៉ា








