ព័ត៌មានអន្តរជាតិ

អតីតសមាជិកសភាថៃម្នាក់ បាញ់ប្រហារលើមន្រ្តីជាន់ខ្ពស់ នៅក្នុងការិយាល័យរដ្ឋាភិបាលក្នុងខេត្ត Nonthaburi បណ្តាលឱ្យមនុស្ស ២នាក់របួស

បរទេស៖ មន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាញ់ប្រហារនៅការិយាល័យ រដ្ឋាភិបាលមូលដ្ឋានមួយនៅជាយក្រុងបាងកក ប្រទេសថៃ នៅថ្ងៃចន្ទនេះគឺប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ ប្រហារដោយក្មេងជំទង់ម្នាក់នៅសាលារៀន មួយក្នុងខេត្តដដែលនោះ ដោយបានបញ្ឆេះការជជែកវែកញែក អំពីការគ្រប់គ្រងអាវុធ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា លោកឧត្តមសេនីយ៍ Dejrapee Kongdee មេបញ្ជាការនគរបាលខេត្ត Nonthaburi ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងបាងកក បាននិយាយថា ជនសង្ស័យបាញ់ប្រហារនេះ ដែលជាអតីតសមាជិកសភា បានបាញ់ប្រហារទៅលើមន្ត្រីជាន់ខ្ពស់ខេត្តម្នាក់ និងអ្នកបើកបររបស់គាត់។

លោក Dejrapee បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា “មានមនុស្សពីរនាក់រងរបួស ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល”។

ប្រទេសថៃកំពុងតែមានការភ័យខ្លាចពីការបាញ់ប្រហាររបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់កាលពីថ្ងៃសុក្រ ដំបូងបាញ់សម្លាប់នៅផ្ទះរបស់គាត់ និងបន្ទាប់មកនៅសាលា Debsirin Nonthaburi ដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង និងជាង ២០ នាក់រងរបួសក្នុងការបាញ់ ប្រហារដ៏សាហាវបំផុតរបស់ប្រទេសថៃក្នុងរយៈពេលជិតបួនឆ្នាំមកនេះ។

ក្មេងៗសិស្សសាលាថៃបានវិលត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញនៅថ្ងៃចន្ទ ដោយខ្លះឆ្លងកាត់ឧបករណ៍រាវរកលោហៈ និងការត្រួតពិនិត្យផ្សេងៗទៀត ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់ជាថ្មីនូវចេតនា របស់លោកក្នុងការរឹតបន្តឹងការគ្រប់គ្រងអាវុធ បន្ទាប់ពីមានការបាញ់ប្រហារ នៅសាលារៀនកាលពីថ្ងៃសុក្រ។
ប្រែសម្រួលៈ ណៃ តុលា

To Top