មេដឹកនាំកំពូលអ៊ីរ៉ង់ តែងតាំងមេបញ្ជាការ យោធាថ្មីចំនួន ៦ រូប

តេអេរ៉ង់៖ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់លោក លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានតែងតាំងមេបញ្ជាការយោធាថ្មីចំនួន ៦ រូបសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។
នៅក្នុងក្រឹត្យដាច់ដោយឡែក លោកបានតែងតាំងលោក Ali Abdollahi ជាប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Ahmad Vahidi ជាប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Ali Azmaei ជាមេបញ្ជាការកងទ័ពជើងទឹករបស់ IRGC និងលោក Hossein Taeb ជាមេបញ្ជាការកងកម្លាំងស្ម័គ្រចិត្ត Basij របស់ IRGC នេះបើយោងតាមសេចក្តីថ្លែងការណ៍។
យោងតាមសេចក្តីថ្លែងការណ៍ មេដឹកនាំកំពូលក៏បានតែងតាំងលោក Kioumars Heydari ជាអនុប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងលោក Mostafa Izadi ជាអនុប្រធានមេបញ្ជាការ IRGC ផងដែរ។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។
អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់។
បទឈប់បាញ់មួយត្រូវបានសម្រេចរវាងភាគីជម្លោះនៅថ្ងៃទី៨ ខែមេសា។ នៅក្នុងខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។
ភាគីទាំងពីរត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែការកើនឡើងថ្មីៗនេះនៅក្នុងតំបន់ បានធ្វើឱ្យជោគវាសនានៃការចរចាមានភាពមិនប្រាកដប្រជា៕
ប្រែសម្រួល ឈូក បូរ៉ា








