ក្រុមហួធី វាយប្រហារលើកប៉ាល់ ដឹកទំនិញនៅក្នុងច្រកសមុទ្រ Bab el-Mandeb ចំណែកយោធាអាមេរិក វាយប្រហារលើកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់

បរទេស៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសយេម៉ែនបានឱ្យដឹងថា សមាជិកនាវិកចំនួនបួននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ លើកប៉ាល់ដឹកទំនិញមួយនៅក្នុងច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃអង្គារ ខណៈដែលយោធាសហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ខ្លួនបានវាយប្រហារកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ឆ្មាំសមុទ្រយេម៉ែនបាននិយាយថា អ្នកជួយសង្គ្រោះយេម៉ែនពីរនាក់ មកពីក្រុមយោធាប្រឆាំងហ៊ូធី ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ Bab el-Mandeb ផងដែរ។
ការស្លាប់នៅលើកប៉ាល់ Tihamah ដែលគ្រប់គ្រង ដោយអេហ្ស៊ីប ប្រសិនបើត្រូវបានបញ្ជាក់ នឹងជាការសម្គាល់ការស្លាប់លើកដំបូង នៅក្នុងការវាយប្រហាររបស់ហ៊ូធីលើការដឹកជញ្ជូនចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
ក្រោយមកនៅថ្ងៃនោះ ក្រុមហ៊ូធីបាននិយាយថា ពួកគេបានវាយប្រហារកប៉ាល់មួយដែលដឹកឧបករណ៍យោធាអារ៉ាប៊ីសាអូឌីតនៅក្នុងច្រកសមុទ្រ Bab el-Mandeb ប៉ុន្តែមិនបានប្រាប់ឈ្មោះកប៉ាល់នោះទេ។ មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិអារ៉ាប៊ីសាអូឌីតមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្រ ចក្រភពអង់គ្លេស (UKMTO) ដែលជាប់ពាក់ព័ន្ធជាមួយកងទ័ពជើងទឹកអង់គ្លេស បានរាយការណ៍ពីឧប្បត្តិហេតុមួយ នៅក្នុងច្រកសមុទ្រកាលពីថ្ងៃអង្គារ ដោយនិយាយថា កប៉ាល់មួយគ្រឿងត្រូវបានវាយប្រហារ ដោយគ្រាប់ផ្លោងដែលមិនស្គាល់។
ប្រែសម្រួលៈ ណៃ តុលា








