ព័ត៌មានអន្តរជាតិ

ទេសាភិបាល ធនាគារកណ្តាលអ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងចូលរួមជាមួយ ធនាគារអភិវឌ្ឍន៍ថ្មី របស់ក្រុមប្រទេស BRICS នៅពេលឆាប់ៗនេះ

បរទេស៖ លោក Abdolnaser Hemmati ទេសាភិបាលធនាគារ កណ្តាលអ៊ីរ៉ង់ បានមានប្រសាសន៍នៅក្នុង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធមុនកិច្ចប្រជុំហិរញ្ញវត្ថុ BRICS នៅក្នុងប្រទេសឥណ្ឌាថា អ៊ីរ៉ង់នឹងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី (NDB) នៅពេលឆាប់ៗនេះ ដែលជាធនាគារអភិវឌ្ឍន៍ដែលបង្កើតឡើងដោយក្រុមប្រទេស BRICS។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា អ៊ីរ៉ង់នៅតែស្ថិតនៅក្រោម ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ របស់សហរដ្ឋអាមេរិក និងអន្តរជាតិ ហើយអ៊ីរ៉ង់មិនទាន់ ឈានដល់កិច្ចព្រមព្រៀង សន្តិភាពដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅឡើយទេ ដែលផ្តល់ឱ្យទីក្រុងតេហេរ៉ង់នូវការលើកទឹកចិត្តបន្ថែមដើម្បីស្វែងរកបណ្តាញហិរញ្ញវត្ថុជំនួសនៅខាងក្រៅប្រព័ន្ធដុល្លារ។

អ៊ីរ៉ង់បានចូលរួម BRICS ក្នុងឆ្នាំ ២០២៤ ខណៈដែលក្រុមនេះបានពង្រីកខ្លួន ក្នុងចលនាមួយដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ហើយចាប់តាំងពីពេលនោះមក វាបានបង្ហាញយ៉ាងច្បាស់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាសមាជិក និងជាម្ចាស់ភាគហ៊ុនរបស់ NDB។

ធនាគារនេះត្រូវបានបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៥ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចាប់តាំងពីពេលនោះមក វាបានពង្រីកសមាជិកភាពរបស់ខ្លួនដើម្បីរួមបញ្ចូលអេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top