កិច្ចព្រមព្រៀង ការពារជាតិរួមគ្នា រវាងអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគីស្ថាន ឆ្លុះបញ្ចាំងពីសក្ដានុពល សន្តិសុខ នៅតំបន់មជ្ឈិមបូព៌ា

អ៊ីស្តង់ប៊ុល៖ អ្នកវិភាគឧ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិរួមគ្នា រវាងប្រទេសទួរគី អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដែលទើបចុះហត្ថលេខាថ្មីៗនេះ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងសក្ដានុពលសន្តិសុខមជ្ឈិមបូព៌ា ខណៈដែលមហាអំណាចក្នុងតំបន់កំពុង ស្វែងរកស្វ័យភាព កាន់តែច្រើនលើការរៀបចំ សន្តិសុខរបស់ពួកគេ។
កិច្ចព្រមព្រៀងនេះ ដែលបានចុះហត្ថលេខា នៅថ្ងៃសុក្រនៅទីក្រុងម៉ាកា ប្រទេសអារ៉ាប៊ីសាអូឌីត បានចែងថា ការវាយប្រហារដោយអាវុធណាមួយប្រឆាំង នឹងប្រទេសមួយក្នុង ចំណោមប្រទេសទាំងបី នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារប្រឆាំង នឹងពួកគេទាំងអស់គ្នា។
បន្ទាប់ពីពិធីចុះហត្ថលេខា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្លែងថា កតិកាសញ្ញានេះ គឺផ្អែកលើ “ការទប់ស្កាត់រួមគ្នា” និងសិទ្ធិការពារខ្លួនក្រោមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានពិពណ៌នាអំពីឃ្លាការពារជាតិទៅវិញទៅមក ដែលជាបទប្បញ្ញត្តិសំខាន់នៃកិច្ចព្រមព្រៀងនេះ ថា “ដូចគ្នាបេះបិទ” ទៅនឹងមាត្រា ៥ របស់ណាតូ ស្តីពីការការពាររួមគ្នា។
ក្រៅពីពាក្យពេចន៍នៃកិច្ចព្រមព្រៀងខ្លួនឯង អ្នកវិភាគ យល់ឃើញថា កតិកាសញ្ញានេះជាសញ្ញា នៃការវាយតម្លៃឡើងវិញ កាន់តែទូលំទូលាយអំពីស្ថាបត្យកម្មសន្តិសុខនៅមជ្ឈិមបូព៌ា ជាពិសេសតួនាទីរបស់សហរដ្ឋអាមេរិក។
លោក Baris Doster សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Marmara របស់ប្រទេសតួកគី បានសង្កត់ធ្ងន់ថា ចលនានេះគឺជាការឆ្លើយតបដោយផ្ទាល់ ចំពោះសណ្តាប់ធ្នាប់តំបន់ ដែលកំពុងផ្លាស់ប្តូរ។
លោក Doster បានប្រាប់កាសែតស៊ីនហួថា “ការបញ្ចូលគ្នាខាងការទូតរវាងទីក្រុងអង់ការ៉ា ទីក្រុងរីយ៉ាដ និងទីក្រុងអ៊ីស្លាម៉ាបាដ បានបង្កើនល្បឿនជាមួយនឹងការវិវត្តថ្មីៗដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ ត្រូវការការផ្លាស់ប្តូរ ហើយជាលទ្ធផល សម្ព័ន្ធភាពក៏ផ្លាស់ប្តូរ ។ កតិកាសញ្ញាថ្មីនេះត្រូវតែវាយតម្លៃជាចម្បង នៅក្នុងបរិបទនៃថាមវន្តអំណាចក្នុង តំបន់ដែលកំពុងផ្លាស់ប្តូរទាំងនេះ”៕








