ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានសហរដ្ឋអាមេរិក​ កុំឱ្យ គណនាខុស អំពីច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi​ បានព្រមានសហរដ្ឋអាមេរិកកុំឱ្យធ្វើ «ការគណនាខុសដ៏ធំមួយ» អំពីច្រកសមុទ្រហ័រមូស​ ដោយផ្អែកលើ «ព័ត៌មានស៊ើបការណ៍ក្លែងក្លាយ»។

លោកបានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សហរដ្ឋអាមេរិក​ រក្សាបាន «ការគ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រហ័រមូស។

លោក Araghchi បានលេីកឡេីងថា «សហរដ្ឋអាមេរិក​ បានគណនាខុសជាយូរមកហើយ ដោយសារតែការបរាជ័យផ្នែកស៊ើបការណ៍សម្ងាត់។ ឧទាហរណ៍ជាក់ស្តែងលេីសង្គ្រាមលើអ៊ីរ៉ង់​ ហេីយឥឡូវនេះ អាមេរិកគណនាខុសកាន់តែធំនៅលើច្រកសមុទ្រហ័រមូស»។

ទន្ទឹមនឹងនេះ អាជ្ញាធរច្រកសមុទ្រឈូងសមុទ្រពែរ្សរបស់អ៊ីរ៉ង់ ដែលជាស្ថាប័នទទួលខុសត្រូវ​ ចំពោះចរាចរណ៍ផ្លូវសមុទ្រនៅ ក្នុងច្រកសមុទ្រហ័រមូស បានឧ្យដឹងថា “ការអះអាង និងការបង្ហោះម្តងហើយម្តងទៀត ដោយមន្ត្រីអាមេរិកថា ច្រកសមុទ្រហ័រមូសលែងត្រូវបានរារាំងទៀតហើយ មិនបានផ្លាស់ប្តូរការពិតនោះទេ”។

ប្រភពបានបន្ថែមថា “ច្រកសមុទ្រហ័រមូស នៅតែត្រូវបានរារាំង ហើយនឹងមិនត្រូវបានបើកឡើងវិញនោះទេ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់​ ត្រូវបានទទួលយក”។

អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រង របស់ខ្លួនលើច្រកសមុទ្រហ័រមូសនៅថ្ងៃទី២៨​ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លង កាត់ដោយសុវត្ថិភាពរបស់នាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហាររួមគ្នាលើទឹកដីអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top