ឥណ្ឌូនេស៊ីជំរុញឱ្យក្រុមហ៊ុន Toyota ផ្លាស់ប្តូរមជ្ឈមណ្ឌលផលិតកម្ម ក្នុងតំបន់របស់ខ្លួន ចេញពីប្រទេសថៃ មកដាក់នៅឥណ្ឌូនេស៊ីវិញ

បរទេស៖ លោក Purbaya Yudhi Sadewa រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានជំរុញឱ្យក្រុមហ៊ុន Toyota ផ្លាស់ប្តូរមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ របស់ខ្លួនពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ដោយនិយាយថា ទីក្រុងហ្សាការតាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការលើកទឹកចិត្តដើម្បីធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាមូលដ្ឋានផលិតកម្មដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទយានយន្តអន្តរជាតិ Gaikindo Indonesia (GIAC) នៅ Tangerang ខេត្ត Banten លោក Purbaya រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីចង់ឱ្យក្រុមហ៊ុន Toyota បង្កើតមូលដ្ឋានផលិតកម្មសំខាន់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោក Purbaya បាននិយាយថា “យើងនឹងគាំទ្រ ក្រុមហ៊ុន Toyota ប៉ុន្តែសូមនាំយកមូលដ្ឋានផលិតកម្ម សំខាន់របស់អ្នកពីប្រទេសថៃ មកកាន់ប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំនឹងផ្តល់ការលើកទឹកចិត្តណាមួយដែលអ្នកចង់បាន” ។ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី។
លោក Purbaya បានសួរថាហេតុអ្វីបានជាប្រទេសថៃ នៅតែជាមជ្ឈមណ្ឌលផលិតកម្មយានយន្តរបស់តំបន់ ទោះបីជាប្រទេសឥណ្ឌូនេស៊ី ជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ និងមានប្រជាជនច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ក៏ដោយ។
លោក Purbaya បានទទួលស្គាល់ថា ប្រទេសថៃធ្លាប់ទទួលបានជោគជ័យ ច្រើនជាងប្រទេសឥណ្ឌូនេស៊ី ក្នុងការទាក់ទាញការ វិនិយោគលើវិស័យយានយន្ត ។ លោកបានសន្មតថាផ្នែកមួយ នៃគម្លាតនេះគឺដោយសារ តែការលើកទឹកចិត្ត វិនិយោគដែលមានការប្រកួតប្រជែង តិចជាងរបស់ប្រទេសឥណ្ឌូនេស៊ី។
លោកបានមានប្រសាសន៍ថា ទីក្រុងហ្សាការតាឥឡូវនេះ កំពុងស្វែងរកការ បិទគម្លាតនោះ ដោយធ្វើឱ្យការផ្តល់អាជ្ញាប័ណ្ណអាជីវកម្ម មានភាពសាមញ្ញ និងផ្តល់នូវការលើកទឹកចិត្ត ប្រកួតប្រជែងកាន់តែច្រើន ដល់ក្រុមហ៊ុនផលិតរថយន្ត។
រដ្ឋាភិបាលក៏ចង់ទាក់ទាញខ្សែសង្វាក់ផ្គត់ផ្គង់ កាន់តែទូលំទូលាយរបស់ Toyota ផងដែរ រួមទាំងក្រុមហ៊ុនផលិតដែកថែប គ្រឿងអេឡិចត្រូនិក សារធាតុគីមី និងគ្រឿងបន្លាស់រថយន្ត។
ប្រែសម្រួលៈ ណៃ តុលា








