មេដឹកនាំអេហ្ស៊ីប បញ្ជាក់ថាត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រ ដំណោះស្រាយនយោបាយ ក្នុងជម្លោះរុស្សីនិងអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃសុក្របាននិយាយថា អេហ្ស៊ីប បានត្រៀមខ្លួនជា
ស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយនយោបាយចំពោះជម្លោះ រុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មេដឹកនាំទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការអភិវឌ្ឍន៍ក្នុងតំបន់ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប
លោក Mohamed El-Shenawy។
លោក El-Shenawy បាននិយាយថា ពួកគេបានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយបានយល់ព្រម
បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងស្វែងរកឱកាសសហប្រតិបត្តិការក្នុងវិស័យសន្យាទៀតផង។
ចំពោះការវិវឌ្ឍន៍នៅមជ្ឈិមបូព៌ា លោក Al-Sisi បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តរបស់អេហ្ស៊ីប ក្នុងការកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយ ភាពតានតឹងបច្ចុប្បន្នតាមរយៈមធ្យោបាយសន្តិភាព។
លោក Al-Sisi ក៏បានរំលឹកឡើងវិញនូវការគាំទ្រ របស់អេហ្ស៊ីបចំពោះការឈានដល់ដំណោះស្រាយ នយោបាយ ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបានបង្ហាញពីការត្រៀម ខ្លួនរបស់អេហ្ស៊ីបក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងសំដៅសម្រេច បានដំណោះស្រាយនយោបាយ នៅដំណាក់កាលដំបូងបំផុតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
