ប្រធានាធិបតីរុស្ស៊ី ប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា លោក ពូទីន បាននិយាយនៅក្នុងសារមួយទៅកាន់លោក គីម ក្នុងឱកាសរំលឹកខួបនៃការរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងអាណានិគមជប៉ុនថា លោកមានទំនុកចិត្តថា រុស្ស៊ី និងកូរ៉េខាងជើង នឹងបន្ត «ការងាររួមគ្នាប្រកបដោយស្ថាបនា» លើបញ្ហាទ្វេភាគី និងអន្តរជាតិ, នេះបើយោងតាមការចុះផ្សាយរបស់ KCNA។
យោងតាមការចុះផ្សាយរបស់ KCNA គឺលោក គីម បានទៅទស្សនាប៉មរំដោះទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ទាហានសូវៀត ដែលបានប្រយុទ្ធជាមួយជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ , កម្រងផ្កានៅប៉មនោះ ដែលមានឈ្មោះលោក គីម បានសរសេរថា៖ «យើងមិនភ្លេចស្នាដៃរបស់កងទ័ពសូវៀតនោះទេ»។
KCNA បានផ្សាយថា លោក គីម បាននិយាយថា មរតកនៃចំណងឈាម និងមិត្តភាពប្រយុទ្ធរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលកំពុងពង្រីករបស់ពួកគេ ។
ប្រែសម្រួលៈ ណៃ តុលា
