ដ្រូនអ៊ុយក្រែន បើកការវាយប្រហារ ទៅលើទីតាំងតំបន់ក្បែរ រដ្ឋធានីក្រុងមូស្គូ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Andrey Vorobyev អភិបាលក្នុងតំបន់បាននិយាយថា បុរសអាយុ៨៣ឆ្នាំម្នាក់ បានស្លាប់ និងមនុស្ស៦នាក់ទៀត បានរងរបួសជាលទ្ធផល នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ជុំវិញ
ទីក្រុងមូស្គូ ដោយបន្ថែមថា ឧបករណ៍អេឡិចត្រូនិចបានបាញ់ទម្លាក់ ឬស្ទាក់ចាប់ដ្រូន UAVs អ៊ុយក្រែនចំនួន១៨៧គ្រឿង។
ការវាយប្រហារនេះកើតឡើងនៅពេលដែលទីក្រុងគៀវបានបង្កើនការវាយប្រហាររយៈពេលវែងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់លំនៅដ្ឋានរបស់រុស្ស៊ី។
កាលពីដើមខែនេះ យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានវាយប្រហារលើឆ្នេរខ្សាច់ ដែលមានហ្វូងមនុស្សនៅរមណីយដ្ឋានភាគខាងត្បូងនៃទីក្រុង
Gelendzhik ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ក្នុងនោះមានកុមារ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
លោក Vorobyev បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើកត្រូវបានស្ទាក់ចាប់នៅលើ Domodedovo, Podolsk,Stupino, Odintsovo, Naro-Fominsk, Ramenskoye, Chekhov, Kolomna, Kashira និង Yegoryevskជាដើម។
បន្ថែមពីនោះលោកអភិបាលបាននិយាយថា បុរសអាយុ ៨៣ ឆ្នាំត្រូវបានសម្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើកធ្លាក់លើដីផ្ទះឯកជនមួយ។
មនុស្ស៣នាក់បានរងរបួសនៅ Podolsk ខណៈដែលអ្នកបើកបរឡានដឹកទំនិញបានរងរបួសដៃនៅ Klimovsk ។ បុរសម្នាក់ទៀតបានរងរបួសដោយគ្រាប់បែក នៅសមាគមបែងចែក Lesnoy ដែលផ្ទះឯកជនមួយត្រូវបានខូចខាតផងដែរ ខណៈស្ត្រីម្នាក់នៅតំបន់ Zheleznodorozhny បានរងរបួសស្មា។
ផ្ទះមួយចំនួននិងមជ្ឈមណ្ឌលលក់ទំនិញមួយ បានរងការខូចខាតក្នុងទីក្រុង Domodedovo ជាកន្លែងដែលត្រូវភ្លើងឆាបឆេះដែរ ។ លោកVorobyev បានកត់សម្គាល់ថាផ្ទះឯកជនមួយ និងសាលាព្រះវិហារត្រូវបានខូចខាតនៅក្នុង Chekhov ខណៈដែលផ្ទះមួយខ្នងទឹកត្រូវបានបំផ្លាញនៅ Stupino ៕
ប្រែសម្រួល៖ស៊ុនលី
