ក្រុមហាម៉ាសអំពាវនាវ ឲ្យមានការដាក់សំពាធលើអ៊ីស្រាអែល ដើម្បីអនុម័តលើផែនទី បង្ហាញផ្លូវដំណាក់កាលទី២ នៃបទឈប់បាញ់រវាងគ្នា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ឬហៅកាត់ថាហាម៉ាស កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់អ្នកសម្រុះសម្រួល និងអ្នកធានាឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យយល់ព្រមលើផែនទីបង្ហាញ ផ្លូវសម្រាប់ដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងគែររវាងគណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយលោក Khalil al-Hayya ប្រធានការិយាល័យនយោបាយរបស់ចលនា និងតំណាងអ្នកសម្របសម្រួលនិងអ្នកធានា នៃកិច្ច ព្រមព្រៀងបទឈប់បាញ់ ។
គណៈប្រតិភូបានជំរុញឱ្យអ្នកសម្របសម្រួល និង ក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយសហរដ្ឋអាមេរិក ឱ្យជំរុញអ៊ីស្រាអែលឱ្យអនុវត្តការប្តេជ្ញាចិត្តទាំង អស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងដំណាក់កាលទី ១ដើម្បីបញ្ឈប់ការសម្លាប់ និងការញុះញង់លើដី និងអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២នៃកិច្ចព្រមព្រៀង។
ក្រុមហាម៉ាស់ក៏បាននិយាយថាខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវដោយលើកឡើងពីគោលបំណងរបស់ខ្លួនក្នុងការទទួលបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកទ័ពអ៊ីស្រាអែលពេញលេញ ចេញពីហ្គាហ្សា ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាព និងការចាប់ផ្តើមការងារ ដោយគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សា ផងដែរ ។
យ៉ាងណាក្តីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅដើមខែនេះថា អ៊ីស្រាអែលបានច្រានចោលផែនទីបង្ហាញផ្លូវ ដែលគាំទ្រដោយ
សហរដ្ឋអាមេរិក ហើយនឹងមិនដកកងកម្លាំង របស់ខ្លួនចេញពីតំបន់ហ្គាហ្សា រហូតដល់ក្រុមហាម៉ាសត្រូវបាន ដកហូតអាវុធពេញលេញ៕
ប្រែសម្រួល៖ស៊ុនលី








