ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ អះអាងថា អ៊ីរ៉ង់គ្មានឆន្ទៈយល់ព្រម លើកិច្ចព្រមព្រៀង​ ដែលលោកចាត់ទុកថា​ ចាំបាច់នោះទេ

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមានឆន្ទៈ ក្នុងការទទួលយកកិច្ចព្រមព្រៀងប្រភេទ​ ដែលលោកចាត់ទុកថា​ ចាំបាច់នោះទេ ដោយសាររយៈពេលចរចារយៈពេល ៦០ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេនឹងមិនធ្វើកិច្ចព្រមព្រៀងប្រភេទដែលខ្ញុំមានអារម្មណ៍ថា​ ចាំបាច់នោះទេ”។

លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចរចានោះទេ ដោយបញ្ជាក់ជាថ្មីថា ការរារាំងអ៊ីរ៉ង់​ ពីការទទួលបានអាវុធនុយក្លេអ៊ែរ​ នៅតែជាគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីអាមេរិករូបនេះ​ បានលេីកឡេីងថា “អ្នកយល់ថាអ៊ីរ៉ង់​ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ​ វាសាមញ្ញណាស់​ ពួកគេមិនអាចមានសង្គ្រាមនុយក្លេអ៊ែរបាននោះទេ”។

លោកក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិក​ ទទួលបាន “ការគ្រប់គ្រងទាំងស្រុង” លើច្រកសមុទ្រហ័រមូស តាមរយៈការបិទផ្លូវកងទ័ពជើងទឹក របស់ខ្លួនប្រឆាំងនឹងកំពង់ផែអ៊ីរ៉ង់ទាំងអស់ ដោយគិតម្តងហើយម្តងទៀត អំពីការធ្វើឱ្យវាក្លាយជាទឹកដី របស់សហរដ្ឋអាមេរិក។

លោកបានបន្ថែមថា “យើងគ្រប់គ្រងច្រកសមុទ្រ​ហ័រមូស ជាមួយនឹងការបិទផ្លូវ ហើយខ្ញុំចូលចិត្តគំនិតនៃការប្រកាសវាជាទឹកដីអាមេរិក យើងទទួលបានការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រឥឡូវនេះ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top