IRGC របស់អ៊ីរ៉ង់ បដិសេធការអះអាង របស់លោក ត្រាំ ដែលថា មានបណ្ដាញចរចានៅពីក្រោយ

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបដិសេធការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាមានបណ្តាញខាងក្រោយ សម្រាប់ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និង IRGC។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បានហៅការអះអាងរបស់លោក ត្រាំ ថាជា “ការភាន់ច្រឡំ” ដោយថាគ្មានការសន្ទនាណាមួយកំពុងកើតឡើងរវាងមន្ត្រី IRGC និងអាមេរិកនោះទេ។
លោក Mohebbi បានបន្ថែមថា សូម្បីតែឧបករណ៍ការទូតរបស់អ៊ីរ៉ង់ ក៏មិនកំពុងចរចាជាមួយសហរដ្ឋអាមេរិកដែរ ដោយសារតែ “ការរំលោភលើការសន្យា” របស់ទីក្រុងវ៉ាស៊ីនតោន។
ដោយឡែកពីគ្នា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងក្រៅផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និង IRGC តាមរយៈមន្ត្រីឃឺឌីស្ថានអ៊ីរ៉ាក់ និងកិច្ចប្រជុំសម្ងាត់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុង Erbil។
លោកបានលេីកឡេីងថា ព័ត៌មាននេះគឺជា «បច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ និងប្រតិបត្តិការផ្លូវចិត្តដែលត្រូវបានប្រើ ដើម្បីសាបព្រោះភាពមិនចុះសម្រុងគ្នាក្នុងចំណោមស្ថាប័នធ្វើការសម្រេចចិត្តរបស់អ៊ីរ៉ង់»។
Fox News បានរាយការណ៍មុននេះថា លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មានបណ្តាញខាងក្រោយសម្រាប់ការចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និង IRGC៕
ប្រែសម្រួល ឈូក បូរ៉ា








