ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថា នឹងអាចជួបមេដឹកនាំកូរ៉េខាងជើង ដោយផ្ទាល់ម្តងទៀត នៅក្នុងឆ្នាំនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump
បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោករំពឹងថានឹងជួបម្តងទៀត ជាមួយលោក Kim Jong Un មេដឹកនាំកំពូល
កូរ៉េខាងជើង នៅចុងឆ្នាំនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន នៅពេលសួរថាតើគាត់រំពឹងថានឹងជួបជាមួយលោក Kim
នៅឆ្នាំនេះថា៖បាទខ្ញុំនឹងទៅជួបគាត់។យ៉ាងណាក្តីសេតវិមានមិនបានបញ្ជាក់ពីផែនការសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំង
ពីរនោះទេ។

កាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Trump បានពិភាក្សាជាលក្ខណៈ
ឯកជនអំពីការរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាមួយលោក Kim ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅ
កាន់អាស៊ី ដែលអាចប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា។

ខណៈពេលដែល Trump ចាត់ទុកកិច្ចប្រជុំមួយទល់មួយផ្សេងទៀតថា ជាឱកាសមួយ ដើម្បីបើកការសន្ទនាឡើងវិញ ជាមួយកូរ៉េខាងជើង អ្នកវិភាគ និងមន្ត្រីអាមេរិកមួយចំនួន មិនរំពឹងថា នឹងមានការរីកចម្រើន គួរឱ្យកត់សម្គាល់នោះទេ នេះបើយោងតាមរបាយការណ៍របស់ WSJ ដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top