អ៊ីស្រាអែល វាយប្រហារតាមអាកាស ទៅលើស្ថានីយ៍ប៉ូលីសមួយ កន្លែងក្នុងតំបន់ហ្គាហ្សា សម្លាប់មនុស្សអស់៩នាក់ រួមទាំងក្មេងអាយុ១៣ឆ្នាំម្នាក់
បរទេស ៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៩នាក់នៅស្ថានីយ៍ប៉ូលីសមួយកន្លែង ក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ។ នេះបើយោងតាមក្រុមគ្រូពេទ្យ ពីរថ្ងៃបន្ទាប់ពីបេសកជនអាមេរិកលោក Jared Kushner បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់នោះ ដែលបានបរាជ័យក្នុងការជំរុញផែនការរបស់លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់នោះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា ប្រភពពីក្រុមគ្រូពេទ្យ និងប៉ូលីសបាននិយាយថា មន្ត្រីជាច្រើននាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅអ្វីដែលក្រសួងមហាផ្ទៃដឹកនាំដោយក្រុម ហាម៉ាស បាននិយាយថា ជាទីស្នាក់ការកណ្តាលរបស់ប៉ូលីសក្រុង។ ពួកគេបាននិយាយថា មនុស្ស១៥នាក់ផ្សេងទៀតបានរងរបួស។
ក្រោយមកក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដែលត្រូវបានសម្លាប់រួមមានមន្ត្រីជាន់ខ្ពស់ចំនួន៨នាក់ និងក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ដែលនៅក្បែរនោះនៅពេលមានការវាយប្រហារ។
យោធាអ៊ីស្រាអែលបាននិយាយនៅល្ងាចថ្ងៃពុធថា ខ្លួនបានវាយប្រហារពួកសកម្មប្រយុទ្ធ ហាម៉ាស ដែលខ្លួនបាននិយាយថា “បានប្រតិបត្តិការពីស្ថានីយ៍ប៉ូលីសស៊ីវិល” ដើម្បីជំរុញការវាយប្រហារប្រឆាំងនឹងកងទ័ពរបស់ខ្លួន។
មុននេះបន្តិច នៅថ្ងៃពុធ នៅក្នុងជំរំជនភៀសខ្លួន Nuseirat ក្នុងតំបន់កណ្តាលហ្គាហ្សា ការវាយប្រហារតាមអាកាស ដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ នេះបើយោងតាមការលើកឡើងរបស់គ្រូពេទ្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅថ្ងៃពុធកើនឡើងដល់យ៉ាងហោចណាស់ ១០ នាក់។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារ ទៅលើជំរុំ Nuseirat បានកំណត់គោលដៅលើសកម្ម ប្រយុទ្ធហាម៉ាសម្នាក់។
ប្រែសម្រួលៈ ណៃ តុលា
