ក្រុមហ៊ុននាំចេញប្រេងឥន្ធនៈ របស់សហរដ្ឋអាមេរិក និងឥណ្ឌា កំពុងទទួលបានផលប្រយោជន៍ ពីភាពមិនប្រាកដប្រជា នៃការផ្គត់ផ្គង់ក្នុងអំឡុង ពេលសង្គ្រាមទាំងនៅអ៊ីរ៉ង់ និងអ៊ុយក្រែន

បរទេស៖ ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងទទួលបានផលចំណេញយ៉ាងច្រើន ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន បានរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈសកល ដោយបានជំរុញឱ្យតម្លៃកើនឡើង និងធ្វើឱ្យអ្នកនាំចូលត្រូវប្រជែងគ្នាដណ្តើមប្រេងនៅកម្រិតកំពូលនៃរដូវបើកបររដូវក្តៅនៅអឌ្ឍគោលខាងជើង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ដោយមិនមានការរារាំងពីការវាយប្រហារ ឬការបិទផ្លូវដឹកជញ្ជូន រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានបង្កើនការនាំចេញទៅកាន់ប្រទេសដែលពីមុនពឹងផ្អែកលើការទិញពីមជ្ឈិមបូព៌ា និងរុស្ស៊ី។ ដរាបណាសង្គ្រាមរំខានដល់ការផ្គត់ផ្គង់ទាំងនោះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា និងសហរដ្ឋអាមេរិក គួរតែបន្តទទួលបានប្រាក់រាប់ពាន់លានដុល្លារពីការនាំចេញខ្ពស់ ,នេះបើយោងតាមអ្នកវិភាគ និងអ្នកជួញដូរ។
លោក Lin Ye អនុប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថា “ប្រទេសឥណ្ឌានឹងបន្តដើរតួជាអ្នកផ្គត់ផ្គង់ប្តូរវេនរបស់អាស៊ី នៅពេលដែលទីផ្សារក្នុងតំបន់កាន់តែតានតឹង”។
លោក Ye បានបន្ថែមថា ការប្រើប្រាស់ខ្ពស់ជាប់លាប់នៅរោងចក្រចម្រាញ់ប្រេងដែលផ្តោតលើការនាំចេញដូចជា Reliance និង Nayara បានអនុញ្ញាតឱ្យប្រទេសឥណ្ឌាឆ្លើយតបទៅនឹងតុល្យភាពក្នុងតំបន់កាន់តែតឹងតែង។
នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនចម្រាញ់ប្រេងបាននាំចេញប្រេងឥន្ធនៈចម្រាញ់ ដែលរួមមានប្រេងម៉ាស៊ូត និងប្រេងកំដៅ ក្នុងល្បឿនកំណត់ត្រា ១,៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី ៧ ខែសីហា។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ដោយការនាំចេញប្រេងឥន្ធនៈយន្តហោះចំនួន ៤៤៣.០០០ បារ៉ែលក្នុងមួយថ្ងៃ គឺតិចជាងកំណត់ត្រាដែលមានចំនួន ៤៥៥.០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា។
យោងតាមទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) គឺទិន្នផលចម្រាញ់ប្រេងសកលបានធ្លាក់ចុះមកត្រឹមប្រហែល ៨៩ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា ធ្លាក់ចុះ ៥ លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុន។ តម្រូវការប្រេងសកលមានជាង ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ៕
ប្រែសម្រួលៈ ណៃ តុលា








