ព័ត៌មានអន្តរជាតិ

​ អូម៉ង់ និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីការស្តារសេរីភាព នាវាចរណ៍ឡើងវិញ នៅច្រកសមុទ្រហ័រមូស

មូស្កាត៖​ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad Al Busaidi និងសមភាគីអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែង​ ដើម្បីស្តារសេរីភាពនាវាចរណ៍ឡើងវិញតាមរយៈច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សា អំពីការអភិវឌ្ឍទាក់ទងនឹងនាវាចរណ៍តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តការពិភាក្សាឆ្ពោះ ទៅរកការយល់ដឹងជាក់ស្តែង ដែលនឹងជួយសម្រួលដល់ការបន្តឡើងវិញ និងលំហូរនាវាចរណ៍ដោយរលូន ខណៈពេលដែលគាំទ្រ ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

ភាគីទាំងពីរក៏បានពិនិត្យឡើងវិញនូវការអភិវឌ្ឍក្នុងតំបន់ចុងក្រោយបំផុត និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការសន្ទនា និងការចរចា​ ដែលមានគោលបំណងកាត់បន្ថយភាពខុសគ្នា និងឈានដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាដែលនៅសេសសល់។

អ៊ីរ៉ង់ និងអូម៉ង់ បានធ្វើកិច្ចពិភាក្សាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លើការរៀបចំនាវាចរណ៍តាមរយៈច្រកសមុទ្រហ័រមូស។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសទាំងពីរ​ បានព្រមព្រៀងគ្នាលើផែនទី នៃផ្លូវថ្មីមួយសម្រាប់ចរាចរណ៍ ផ្លូវសមុទ្រ ឆ្លងកាត់ច្រកសមុទ្រនេះ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ កិច្ចព្រមព្រៀងមួយក្នុងទម្រង់ ជាកញ្ចប់មួយដែលមានផែនទី និងសេចក្តីថ្លែងការណ៍រួម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top