ព័ត៌មានអន្តរជាតិ

​ អ៊ីស្រាអែល​ ថ្កោលទោសតួកគី​ ខណៈដែលទីក្រុងអង់ការ៉ា​ ស្នើសុំការ ជូនដំណឹងក្រហមរបស់​ Interpol សម្រាប់លោក​ ណេាន់យ៉ាហ៊ូ

យេរូសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បានចេញការឆ្លើយតបយ៉ាងខ្លាំងទៅកាន់តួកគី និងប្រធានាធិបតីរបស់ខ្លួនគឺលោក Recep Tayyip Erdogan បន្ទាប់ពីសំណើរបស់តួកគី​ កាលពីថ្ងៃសុក្រសម្រាប់ការ ជូនដំណឹងក្រហមរបស់ Interpol ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ។

សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលបានឧ្យដឹងថា “អ៊ីស្រាអែល​ មិនចាប់អារម្មណ៍ជាយូរមកហើយ​ ចំពោះភាពលាក់ពុតរបស់តួកគី” ដោយសំដៅទៅលើមេដឹកនាំតួកគី​ ថាជា “មេដឹកនាំផ្តាច់ការប្រឆាំងនឹងពួកយូដា”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ឥឡូវនេះលោកកំពុងស្វែងរកការពង្រីកការឈ្លានពានរបស់គាត់ប្រឆាំងនឹងអ៊ីស្រាអែលចូលទៅក្នុងប្រទេសស៊ីរី។ អ៊ីស្រាអែល​ នឹងមិនអត់ឱនចំពោះវានោះទេ”។

សេចក្ដីថ្លែងការណ៍បានកត់សម្គាល់ថាអ៊ីស្រាអែលនឹងបន្ត “ធ្វើសកម្មភាពដោយការតាំងចិត្តប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី​ ក្នុងការរំខានដល់ស្ថិរភាពនៅក្នុងតំបន់ និងប្រឆាំងនឹងការគំរាមកំហែងណាមួយ​ ចំពោះសន្តិសុខរបស់ខ្លួន”។

នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម​ X រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Akin Gurlek បានឧ្យដឹងថា ដំណើរការតុលាការទាក់ទងនឹងការវាយប្រហារដែលបានធ្វើឡើងប្រឆាំងនឹងសកម្មជននៃកងនាវាសកល ដែលបានចេញដំណើរ​ ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា “បន្តដោយការតាំងចិត្ត”។

កងនាវាសកលបានចេញដំណើរពីប្រទេសតួកគី​ ក្នុងខែឧសភា ក្នុងការប៉ុនប៉ងបំបែកការបិទផ្លូវរបស់អ៊ីស្រាអែល​ លើតំបន់ហ្គាហ្សា និងដឹកជញ្ជូនជំនួយដល់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែក្រោយមកត្រូវបានអ៊ីស្រាអែល​ ស្ទាក់ចាប់ និងអ្នកនៅលើនាវានោះត្រូវបាននិរទេសចេញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top