ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ៖​ វាជាការប្រសើរ​ ក្នុងការបញ្ចប់សង្គ្រាម​ ខណៈដែលអ៊ីរ៉ង់​ កំពុងស្ថិតក្នុងទីតាំងដ៏រឹងមាំ

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា វាជាការប្រសើរជាងក្នុងការបញ្ចប់សង្គ្រាមឥឡូវនេះ ខណៈដែលអ៊ីរ៉ង់​ កំពុងស្ថិតក្នុងទីតាំងនៃ “អំណាច និងសេចក្តីថ្លៃថ្នូរ”។

លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងមហាសន្និបាតលើកទី៣១​ នៃសមាគមអ៊ីស្លាមនៃសមាគមវេជ្ជសាស្ត្រអ៊ីរ៉ង់​ នៅរដ្ឋធានីតេអេរ៉ង់ ជាកន្លែងដែលលោកបានសង្កត់ធ្ងន់ថា សង្គ្រាមជាមួយសហរដ្ឋអាមេរិក​ ត្រូវតែបញ្ចប់នៅចំណុចណាមួយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ​ ដែលបានចេញផ្សាយនៅលើគេហទំព័រការិយាល័យរបស់លោក។

លោកបានលេីកឡេីងថា “វាជាការប្រសើរជាងក្នុងការបញ្ចប់សង្គ្រាមនៅថ្ងៃនេះ នៅពេលដែលយើងស្ថិតក្នុងទីតាំងនៃអំណាច និងសេចក្តីថ្លៃថ្នូរ ហើយពិភពលោកទាំងមូលទទួលស្គាល់ជ័យជម្នះរបស់យើង ហើយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ដែលរំលោភលើបទប្បញ្ញត្តិ (អន្តរជាតិ) ទាំងអស់ បានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយត្រូវបានគេស្អប់ខ្ពើមនៅក្នុងពិភពលោក”។

លោកបានពិពណ៌នាអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីខែមិថុនាថា «ជាកិត្តិយស និងមានតម្លៃ» ដោយសង្កត់ធ្ងន់ថា គ្មានបទប្បញ្ញត្តិណាមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការចុះចាញ់នោះទេ ហើយកាតព្វកិច្ចទាំងអស់ធ្លាក់ទៅលើភាគីម្ខាងទៀត។

លោកបានកត់សម្គាល់ថា អ្វីដែលសម្រេចបានក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិក គឺជា «សមិទ្ធផលដ៏អស្ចារ្យ» ដែលត្រូវបានអនុម័តដោយ «ឯកភាព និងសាមគ្គីភាព» នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ហើយសមាជិកទាំងអស់នៃក្រុមប្រឹក្សាបានការពារវាយ៉ាងម៉ឺងម៉ាត់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top