Feature

វៀតណាម ជាប្រទេសផ្គត់ផ្គង់អាហារសមុទ្រ ឈានមុខគេរបស់ប្រទេសកម្ពុជា នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦នេះ

បរទេស ៖ ប្រទេសវៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អាហារសមុទ្រ ឈានមុខគេរបស់ប្រទេសកម្ពុជា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦នេះ ដោយមានការនាំចេញទៅកាន់ទីផ្សារមានតម្លៃជាង ៣៣ លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ថា បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា គឺ ប្រទេសកម្ពុជាបាននាំចូលត្រីធូណា និងផលិតផលអាហារសមុទ្រផ្សេងទៀតប្រមាណ ៣៨.០០០ តោន ដែលមានតម្លៃជាង ៦១ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការក្នុងស្រុកក្នុងអំឡុងពេលនេះ។

ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេទីពីរ ដោយមានការដឹកជញ្ជូនមានតម្លៃជាង ១៦ លានដុល្លារ។ ការនាំចូលពីទីផ្សារផ្សេងទៀត រួមមាន ហុងកុង អូស្ត្រាលី បារាំង ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី មានចំនួនសរុបប្រហែល ១០ លានដុល្លារ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជានាំចូលផលិតផលអាហារសមុទ្រជាច្រើនប្រភេទសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមមានត្រីធូណា បង្គាឆៅ មឹក អាហារសមុទ្រកក ខ្យង និងស្កាឡុប ។

ទោះបីជាជាអ្នកនាំចូលអាហារសមុទ្រ ដ៏សំខាន់ក៏ដោយ ប្រទេសកម្ពុជាក៏នាំចេញអាហារ សមុទ្រ ដែលចាប់បានក្នុងស្រុកផងដែរ។ កម្ពុជាបាននាំចេញជាង ១២០០ តោននៅក្នុងឆមាសទីមួយទៅកាន់ទីផ្សារនានា រួមមានចិនដីគោក ឥណ្ឌា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន បារាំង និងកាណាដា ដោយរកចំណូលបានជាង ១ លានដុល្លារ។

ការនាំចេញអាហារសមុទ្ររបស់កម្ពុជារួមមានផលិតផលកែច្នៃដូចជា នំត្រី នំបង្គា និងពងត្រី ក៏ដូចជាផលិតផលអាហារសមុទ្រផ្សេងទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top