ព័ត៌មានអន្តរជាតិ

បារាំង​ គ្រោងនឹងពន្លឿនការ ដឹកជញ្ជូនប្រព័ន្ធការពារ ដែនអាកាស​ ទៅកាន់អ៊ុយក្រែន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡនស្គី​ បានឧ្យដឹងថា បារាំងបានយល់ព្រមពន្លឿន ការដឹកជញ្ជូនឧបករណ៍ និងមីស៊ីលទៅកាន់អ៊ុយក្រែន ហើយនឹងផ្តល់អាជ្ញាប័ណ្ណសម្រាប់ការផលិតមីស៊ីលពាក់ព័ន្ធ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង។

លោក ហ្សេឡនស្គី បាន្យដឹងនៅក្នុងសារមួយនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបានជម្រាបជូនលោក ម៉ាក្រុង អំពីការវាយប្រហារថ្មីៗលើទឹកដីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ប្រព័ន្ធការពារដែនអាកាសនៅតែ ជាតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែន។

លោកបានលេីកឡេីងថា លោក​ ម៉ាក្រុង​ បានសម្តែង ការត្រៀមខ្លួនរួចជាស្រេច​ ដើម្បីជួយសម្រួលដល់ការ ទំនាក់ទំនងរវាងអ៊ុយក្រែន និងប្រទេសដៃគូផ្សេងទៀត​ ដែលមានមីស៊ីលចាំបាច់​ សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot។

លោក ម៉ាក្រុង ក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិលយ៉ាងច្រើនដែលបណ្តាលមកពីការវាយប្រហារលើមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងប្រទេសអ៊ុយក្រែន។

លោកបានបន្ដថា លោកបានបញ្ជាក់ ជាមួយលោក ហ្សេឡិនស្គី ថា បារាំងនឹងបង្កើនការគាំទ្រ ដល់សមត្ថភាពការពារដែន អាកាសរបស់អ៊ុយក្រែន ជាពិសេសដោយការផ្តល់មីស៊ីលស្ទាក់ចាប់។

យោងតាមទីភ្នាក់ងារ សារព័ត៌មានជាតិអ៊ុយក្រែន Ukrinform ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី​ បានវាយប្រហារមជ្ឈមណ្ឌលផ្សារទំនើបមួយ និងកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងរបួស ១៣០ នាក់ផ្សេងទៀត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top