ព័ត៌មានអន្តរជាតិ

ស៊ីរីនិងអ៊ីស្រាអែល បើកជំនួបដើម្បីសម្របសម្រួល អាមេរិកដោះស្រាយ បញ្ហាតានតឹង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់ស៊ីរី និងអ៊ីស្រាអែលបានជួបពិភាក្សាគ្នានៅប្រទេសហ្សកដានី កាលពីថ្ងៃអាទិត្យ ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើការបន្ធូរបន្ថយ និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារការចរចាឆ្ពោះ ទៅរកកិច្ចព្រមព្រៀងសន្តិសុខឡើងវិញ។

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា គណៈប្រតិភូជាន់ខ្ពស់ស៊ីរីដឹកនាំដោយប្រធានកិច្ចការបរទេសលោក
Asaad al-Shaibani និងរាប់បញ្ចូលទាំងប្រមុខនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា ខណៈដែលអ៊ីស្រាអែលត្រូវបានតំណាងដោយគណៈប្រតិភូជាន់ខ្ពស់។

កិច្ចប្រជុំដែលរៀបចំដោយហ្សកដានី ត្រូវបានធ្វើឡើងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នាពេលថ្មីៗនេះ លើទឹកដីស៊ីរី និងការកើនឡើងភាពតានតឹងនៅភាគខាងត្បូងប្រទេសស៊ីរី ក៏ដូចជាការគាំទ្រ
ស្ថិរភាពនៅក្នុងប្រទេសស៊ីរី និងតំបន់ធំទូលាយ។

ប្រភពបាននិយាយថា ការពិភាក្សាបានផ្តោតលើការបង្កើតយន្តការជាក់ស្តែងដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ការចាប់ខ្លួននិងប្រតិបត្តិការគោលដៅនិងការធ្វើឱ្យមានការចរចាឡើងវិញ​ ក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀងសន្តិសុខ ដែលអាចដាក់មូលដ្ឋាន គ្រឹះសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយបន្ថែមទៀតនាពេលអនាគត។

គណៈប្រតិភូស៊ីរីបានសង្កត់ធ្ងន់ថា ស៊ីរីជារដ្ឋអធិបតេយ្យ និងមានសិទ្ធិកសាង និងអភិវឌ្ឍកងទ័ពជាតិរបស់ខ្លួនឡើងវិញ និងកំណត់សម្ព័ន្ធភាពនិងភាពជាដៃគូរបស់ខ្លួន ស្របតាមផលប្រយោជន៍ជាតិរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top