អ៊ីរ៉ង់ កំពុងស្ថិតក្នុងសង្គ្រាមសេដ្ឋកិច្ច យោធា និងសន្តិសុខទាំងស្រុង
តេអេរ៉ង់៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានឧ្យដឹងថា ប្រទេសរបស់លោក កំពុងស្ថិតក្នុងសង្គ្រាម សេដ្ឋកិច្ច យោធា និងសន្តិសុខទាំងស្រុង ជាមួយសត្រូវ។
ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ លោក Pezeshkian បានឧ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា «យើងកំពុងឈរជើង និងខិតខំប្រឹងប្រែងដើម្បីបម្រើប្រជាជន នៅចំពោះមុខសង្គ្រាមមិនស្មើភាពគ្នានេះ»។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង «ដោយស្មោះអស់ពីចិត្ត» ដើម្បីកាត់បន្ថយអតិផរណា និងដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគ្មានមធ្យោបាយផ្សេងទៀតក្រៅពីនិយាយដោយគោរពជាមួយប្រជាជនអ៊ីរ៉ង់នោះទេ។
លោកបានលេីកឡេីងថា ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាង គឺជា «សេណារីយ៉ូដដែលៗ និងជាការគំរាមកំហែងដូចគ្នាដែលតែងតែកើតឡើងនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក» ដោយបន្ថែមថា «ក្នុងន័យមួយ វាគឺជាខ្សែភាពយន្តដដែលៗដែលយើងបានមើលម្តងហើយម្តងទៀត ហើយដឹងពីរបៀបដោះស្រាយ»។
គួរបញ្ជាក់ថា នៅក្នុងការបង្ហោះមួយកាលពីថ្ងៃពុធនៅលើ Truth Social លោក ត្រាំ បានប្រកាស «ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន» ប្រឆាំងនឹងប្រទេសណាមួយដែលផ្តល់ខ្សែជីវិតដល់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
