ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក អ៊ុយក្រែនចំនួន ២៦៩ គ្រឿងក្នុងរយៈពេល ១២ ម៉ោង

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី​ បានឧ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី​ បានស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ២៦៩ គ្រឿងនៅលើតំបន់ជាច្រើនរបស់រុស្ស៊ីក្នុងរយៈពេល ១២ ម៉ោង។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងអំឡុងពេលថ្ងៃ ចាប់ពីម៉ោង ៨​ ព្រឹកដល់ម៉ោង ៨​ យប់ ម៉ោងនៅទីក្រុងមូស្គូ ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ២៦៩ គ្រឿង”។

មួយថ្ងៃមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ក្នុងរយៈពេល ៤០ ថ្ងៃកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​ បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើកន្លែងស៊ីវិល និងភស្តុភាររបស់រុស្ស៊ីដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលលោកបានពិពណ៌នាថាជា “ល្បែងស៊ីសងមួយផ្សេងទៀត” ដោយអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ដែលមានគោលបំណងបង្កការបរាជ័យជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី។

លោក​ ពូទីន បានលេីកឡេីងថា កងទ័ពរុស្ស៊ីមិនត្រឹមតែបន្តការវាយលុកនៅគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងបង្កើនសម្ពាធយោធាទៀតផង ហើយបានសម្តែងទំនុកចិត្តក្នុងការសម្រេចគោលដៅនៃប្រតិបត្តិការយោធាពិសេស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top