ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈដែលវិនិយោគិនមិនអើពើ នឹងទណ្ឌកម្មចុងក្រោយ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃអង្គារ បន្ទាប់ពីបានធ្លាក់ចុះ ជាង ២% នៅក្នុងវគ្គជួញដូរមុន ដោយវិនិយោគិន មិនបានអើពើនឹងផលប៉ះពាល់ នៃទណ្ឌកម្មចុងក្រោយ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ៩០សេន ឬ ១,០% មកនៅត្រឹម ៩១,២៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៧៦ សេន ឬ ០,៩% មកនៅត្រឹម ៨៤,២៥ ដុល្លារ។

កិច្ចសន្យាទាំងពីរបានធ្លាក់ចុះនៅថ្ងៃចន្ទ ដោយប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍ ដោយសារតែការទទួលបានប្រាក់ចំណេញ បន្ទាប់ពីតម្លៃបានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍មុន។

សូមជម្រាបថា លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបង្ហាញពីការពង្រីកទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ខ្សែជីវិតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដើម្បីបង្ខំឱ្យបញ្ចប់សង្គ្រាម រវាងប្រទេសទាំងពីរ ដោយប្រាប់ប្រទេសនានាថា ពួកគេនឹងត្រូវកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ឬប្រឈមនឹងហានិភ័យ នៃការត្រូវបានកាត់ផ្តាច់ចេញ ពីប្រព័ន្ធហិរញ្ញវត្ថុដែលមានមូលដ្ឋាន លើប្រាក់ដុល្លារ។
ប្រែសម្រួលៈ ណៃ តុលា

To Top