សហរដ្ឋអាមេរិក គំរាមដាក់ពន្ធ ៥០% លើការនាំចូលរថយន្ត និងដែកថែបពីប្រទេសកាណាដា
ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានគំរាមដាក់ពន្ធ ៥០% លើរថយន្ត គ្រឿងបន្លាស់រថយន្ត និងការនាំចូលដែកថែបពីប្រទេសកាណាដា បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសជិតខាងអាមេរិកខាងជើងទាំងពីរបានបរាជ័យ។
លោក ត្រាំ បានសរសេរនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា “នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ ពន្ធលើរថយន្ត ឡានដឹកទំនិញទាំងអស់ ទាំងធំ និងតូច គ្រឿងបន្លាស់រថយន្ត និងដែកថែប នឹងត្រូវបានបង្កើនដល់ ៥០%”។ “ប្រទេសកាណាដា នឹងត្រូវបានចាត់ទុកដូចជារដ្ឋមួយលែងមានទៀតហើយ”។
លោក ត្រាំ បានលេីកឡេីងថា “ប្រទេសកាណាដា បានបោកប្រាស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងមិនត្រូវការប្រទេសកាណាដាទេ ពួកគេត្រូវការយើង”។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថាជាការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រទេសជិតខាងទាំងពីរបានបរាជ័យនៅថ្ងៃសុក្រក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជៀសវាងពន្ធថ្មី ៥០% របស់សហរដ្ឋអាមេរិកលើទំនិញកាណាដា ដែលបានជ្រើសរើស។ បច្ចុប្បន្នសហរដ្ឋអាមេរិកយកពន្ធ ២៥ ភាគរយលើរថយន្តកាណាដា និងដាក់ពន្ធ ៥០ ភាគរយលើការនាំចូលដែកថែបពីកាណាដា។
លោក ដូណាល់ ត្រាំ បានស្តីបន្ទោសប្រទេសកាណាដាចំពោះការបរាជ័យនៃការចរចា ដោយចោទប្រកាន់ថាកាណាដាបានប្រព្រឹត្តិ «ការរើសអើង» ប្រឆាំងនឹងគ្រឿងស្រវឹង រថយន្ត និងផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
