ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ អះអាងថា​ នឹងមិនអនុញ្ញាត ឱ្យសង្គ្រាមបញ្ចប់ដោយផ្អែកលើលក្ខខណ្ឌ របស់ភាគីឈ្លានពាននោះឡើយ

តេអេរ៉ង់៖​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសរបស់លោក​ នឹងមិនអនុញ្ញាតឱ្យសង្គ្រាមបញ្ចប់ ដោយផ្អែកលើលក្ខខណ្ឌដែលកំណត់ដោយភាគី “ឈ្លានពាន” នោះទេ។

លោកបានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា “យើងពិតជាមិនមែនជាភាគី​ ដែលចាប់ផ្តើមសង្គ្រាមនោះទេ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យការបញ្ចប់សង្គ្រាមផ្អែកលើលក្ខខណ្ឌរបស់ភាគីឈ្លានពាននោះទេ”។

លោកបានលេីកឡេីងថា អ៊ីរ៉ង់នៅតែប្តេជ្ញាការពារទឹកដីរបស់ខ្លួន ហើយនឹងមិន “សម្របសម្រួលជាមួយភាគីឈ្លានពាន” ឬចុះចាញ់នឹង “ការទាមទារហួសហេតុ” របស់ពួកគេឡើយ។

លោកបានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកថា ច្រកសមុទ្រហ័រមូស ត្រូវបានបើកចំហ ហើយប្រេងរាប់លានបារ៉ែលកំពុងឆ្លងកាត់វាជារៀងរាល់ថ្ងៃ ដោយពណ៌នាអំពីពួកគេថាជាផ្នែកមួយនៃ “សង្គ្រាមផ្លូវចិត្ត និងប្រព័ន្ធផ្សព្វផ្សាយ”។

លោកក៏បានរិះគន់ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់​ដែលទើបប្រកាសថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ដោយថា ទីក្រុងតេអេរ៉ង់​ នឹងប្រើប្រាស់ “សមត្ថភាពពហុភាគី” ទាំងអស់របស់ខ្លួនដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលលោកបានពិពណ៌នាថាជាការវាយប្រហារទៅលើពាណិជ្ជកម្មសេរី និងអធិបតេយ្យភាពជាតិ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top