ស៊ីរីថ្កោលទោស ទៅរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ដែលបានបំពេញទស្សនកិច្ច ក្នុងទឹកដីភាគខាងត្បូង របស់ខ្លួនដោយខុសច្បាប់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសស៊ីរី កាលពីថ្ងៃអង្គារបានថ្កោលទោស ការធ្វើដំណើរចូលមក ដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Israel Katz ក្នុងទឹកដីស៊ីរីភាគខាងត្បូង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់កងទ័ពអ៊ីស្រាអែល ដែលឈរជើងនៅទីនោះ ដោយពណ៌នាថា វាជាការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃអធិបតេយ្យភាព និងបូរណភាពទឹកដីស៊ីរី ។
អាជ្ញាធរបរទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Katz បានឆ្លងព្រំដែនអន្តរជាតិដោយខុសច្បាប់ចូលទៅក្នុងទឹកដីស៊ីរី ដោយហៅទង្វើនេះថាជាការញុះញង់ និងរំលោភច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ ១៩៧៤។
អាជ្ញាធរស៊ីរី បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការ ដើម្បីបង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់នូវអ្វីដែលក្រុងដាម៉ាស បានពិពណ៌នាថា ជាការរំលោភម្តងហើយម្តងទៀត ដកខ្លួនចេញជាបន្ទាន់ និងពេញលេញពីទឹកដីស៊ីរី ហើយត្រឡប់ទៅបន្ទាត់ផ្តាច់ខ្លួន ដែលបានបង្កើតឡើង ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៧៤វិញ។
គួរឲ្យដឹងដែរថា លោក Katz ក្នុងអំឡុងពេលទស្សនកិច្ច របស់គាត់បាននិយាយថា អ៊ីស្រាអែលមានបំណងរក្សា វត្តមានយោធារបស់ខ្លួន នៅភាគខាងត្បូងប្រទេសស៊ីរី ដរាបណាប្រទេសនេះយល់ឃើញថា មានការគំរាមកំហែង ដល់សន្តិសុខរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
