ហ្វាំងឡង់ នឹងកំណត់ឡើងវិញ នូវទំនាក់ទំនងជាមួយរុស្ស៊ី បន្ទាប់ពីជម្លោះអ៊ុយក្រែនត្រូវបានបញ្ចប់
បរទេស៖ ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានឧ្យដឹងថា ហ្វាំងឡង់នឹងចាប់ផ្តើមកំណត់ឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី នៅពេលដែលជម្លោះនៅអ៊ុយក្រែនត្រូវបានបញ្ចប់ ដោយបន្ថែមថា ព្រំដែនរួមរបស់ប្រទេសទងពីរ មិនចាំបាច់ក្លាយជា “វាំងននដែក” នោះទេ។
លោក Stubb បានប្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រមុខបេសកកម្មហ្វាំងឡង់នៅទីក្រុង Helsinki ថា “រុស្ស៊ីគឺជា ហើយនឹងនៅតែជាអ្នកជិតខាងរបស់យើង”។
លោកបានលេីកឡេីងថា ហ្វាំងឡង់ នឹងកំណត់ឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី “ពីជំហរថ្មី” នៅពេលដែលជម្លោះបញ្ចប់ ដោយកត់សម្គាល់ថា ហ្វាំងឡង់ឥឡូវនេះជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
លោកបានលេីកឡេីងថា “ព្រំដែនរវាងហ្វាំងឡង់ និងរុស្ស៊ី បានក្លាយជាព្រំដែនរវាងណាតូ និងរុស្ស៊ី។ នេះមិនចាំបាច់មានន័យថា ជាវាំងននដែកនោះទេ”។
លោកបានបន្ថែមថា លោកសង្ឃឹមថា “ពេលវេលានឹងមកដល់ នៅពេលដែលយើងអាចមានទំនាក់ទំនងដំណើរការឡើងវិញជាអ្នកជិតខាង” ខណៈពេលដែលសង្កត់ធ្ងន់ថា សកម្មភាពរបស់រុស្ស៊ីផ្ទាល់នឹងកំណត់ពីរបៀបដែលទំនាក់ទំនងវិវត្តន៍៕
ប្រែសម្រួល ឈូក បូរ៉ា
