ព័ត៌មានអន្តរជាតិ

ភាពពេញនិយម នៃ «ទេសចរណ៍នៅចិន» និង «ទិញទំនិញនៅចិន» ៖ ប្រទេសចិន ចែករំលែកភាគលាភ ជាមួយពិភពលោក

នៅក្នុងរដូវក្តៅឆ្នាំនេះ មិនត្រឹមតែមានរលកកម្តៅ ខាងធាតុអាកាសប៉ុណ្ណោះទេ ប៉ុន្តែ«រលកកម្តៅ» នៃការទៅទស្សនាប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពិសេសទេសចរដែលមកពីប្រទេស ដែលមានសីតុណ្ហភាពក្តៅខ្លាំងបាននាំគ្នាសម្រុក ចូលប្រទេសចិនដើម្បីទទួលយកភាពត្រជាក់ស្រួលក្នុងរដូវក្តៅ ដែលពួកគេបានហៅថា«China Cool»។

គោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ ម៉ោងសម្រាប់ការឆ្លងកាត់ដែនចិនបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺប្រជាពលរដ្ឋនៃប្រទេសដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះបើគិតចង់ទៅលេងប្រទេសចិន មិនបាច់គិតគូរពីអ្វីច្រើននោះឡើយ ទិញតែសំបុត្រយន្តហោះ អូសតែវ៉ាលិសក៏ចេញដំណើរបានភ្លាម។ ភាពងាយស្រួលនៃការធ្វើដំណើរចូលប្រទេសចិនបានជំរុញឱ្យ«China Travel»ក្លាយជារឿងទាន់សម័យមួយសម្រាប់ទេសចរអន្តរជាតិ។

អ្វីដែលគួរឱ្យកត់សម្គាល់ ស្របនឹង ការពេញនិយមខ្លាំងឡើងៗនៃ«China Travel» ទេសចរបរទេសកាន់តែច្រើនឡើងៗ បានសម្លឹងមើលឃើញការទិញអីវ៉ាន់នៅចិនដែលមានគុណភាពល្អនិងមានតម្លៃថោកសមរម្យ ជាពិសេសការទិញអីវ៉ាន់ដែលទទួលបានការបង្វិលសងពន្ធ ដែលធ្វើឱ្យពាក្យ«China Shopping»ល្បីតាមបណ្តាញទំនាក់ទំនងសង្គមបរទេស រហូតដល់អ្នកខ្លះនិយាយថា«ពេលទៅប្រទេសចិន យកតែវ៉ាលិសទទេទៅបានហើយ ដើម្បីដាក់អីវ៉ាន់ពីចិនមកវិញ»។

កត្តាមួយទៀតដែលនាំឱ្យ«China Travel»ទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ គឺមិនថាទិញអីវ៉ាន់ ស្នាក់នៅ ទទួលទានអាហារ ធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ជិះតាក់ស៊ីឬទិញសំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗនោះទេ គ្រាន់តែស្កេនប្រព័ន្ធ QR
កូដរបស់ក្រុមហ៊ុនAlipay ឬWeChat pay ក៏សម្រេចការទូទាត់បានយ៉ាងងាយស្រួល ពោលគឺគ្រាន់តែភ្ជាប់កាតធនាគារជាមួយកម្មវិធីនៃក្រុមហ៊ុនទាំងពីរនេះ ក៏អាចទូទាត់នៅគ្រប់ទីកន្លែងទូទាំងប្រទេសចិនដោយមិនបាច់យកសាច់ប្រាក់ជាប់ខ្លួន ដែលទេសចរទាំងឡាយមិនបាច់ខ្វល់ពីរឿងប្តូរប្រាក់ទៀតទេ។
គួររំលឹកថា កាលពីមុន ប្រជាជនចិនបាននាំគ្នាសម្រុកទៅបរទេសដើម្បីទិញអីវ៉ាន់ ព្រោះតែមានផលិតផលជាច្រើនដែលប្រទេសចិនមិនមាន ឬគុណភាពមិនដូចគេ ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ស្របនឹងការវិវឌ្ឍរីកចម្រើនផ្នែកបច្ចេកវិទ្យានិងឧស្សាហកម្មរបស់ចិន «Made in China»បានក្លាយជាស្តង់ ដាផលិតផលដែលទទួល ស្គាល់ពីអន្តរជាតិ រហូតដល់អាចផលិតផលិតផលគុណភាពខ្ពស់ ស្រួលប្រើ តម្លៃថោកសមរម្យមួយចំនួន ដែលប្រទេសដទៃមិនមានទៀតផង ដែលធ្វើឱ្យផលិតផលចិនមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំងឡើងៗក្នុងទីផ្សារអន្តរជាតិ ។ សម្ភារៈប្រើប្រាស់ទំនើបៗ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឧបករណ៍វៃឆ្លាត ដែលអាចពាក់បាន និងដ្រូនជាដើមបានក្លាយជាផលិតផល ពេញនិយមក្នុង ចំណោមទេសចរបរទេស ដែលវាមិនត្រឹមតែបង្ហាញ ពីសមត្ថភាពច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាទំនើបរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការកើនឡើង ជាបន្តបន្ទាប់នៃតួនាទីរបស់ចិនក្នុងខ្សែសង្វាក់តម្លៃរបស់ពិភពលោកផងដែរ ។
មិនថាការធ្វើដំណើរទៅកាន់ ប្រទេសចិនដើម្បី«China Travel»ឬដើម្បី«China Shopping»នោះទេ ទេសចរបរទេសរមែងតែត្រូវ បានទាក់ទាញដោយទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់របស់ចិន ក៏ដូចជារបៀបរបបនៃការរស់នៅរបស់ជនជាតិចិន សឹងតែមានពួកយុវវ័យនៃ បស្ចិមប្រទេសមួយចំនួន ពេលត្រឡប់ទៅផ្ទះវិញ បានកែប្រែទម្លាប់រស់នៅរបស់ខ្លួន ដោយសាកល្បងរៀនត្រាប់ តាមទម្លាប់រស់នៅរបស់ជនជាតិចិនទៀតផង ដូចជាការហូបទឹកក្តៅ ការហាត់ប្រាណតាមគុនចិន ការត្រាំជើងនឹងទឹកក្តៅដើម្បីថែទាំសុខភាព និងការតាមដានទស្សនាភាពយន្តចិន ជាដើម ព្រមទាំងបង្ហោះអត្ថបទ តាមបណ្តាញទំនាក់ទំនង
សង្គមដើម្បីជំរុញឱ្យមិត្តភក្តិទៅ លេងប្រទេសចិន ទៀត ដែលពួកគេហៅថា«Chinamaxxing» ដែល​មានន័យថាធ្វើតាមទម្លាប់របស់ចិន។
តាមទិន្នន័យស្ថិតិ នៅឆមាសទីមួយឆ្នាំនេះ មានទេសចរបរទេសចំនួន២២៩១.៤ ម៉ឺននាក់បានចូលកម្សាន្តនៅប្រទេសចិន ដែលកើនឡើង២០.៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ក្នុងនោះអ្នកទទួលបានការអនុគ្រោះពីគោលនយោបាយ លើកលែងទិដ្ឋាការមានចំនួន៧៧.៧%។ ការបង្វិលសងពន្ធកើនឡើង៣៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ជាមួយនឹងកំណើនទំហំលក់ដូរចំនួន៦៩% ។

ពីគោលនយោបាយអនុគ្រោះ ដល់កម្លាំងជាក់ស្តែងខាងឧស្សាហកម្ម រហូតដល់ភាពទាក់ទាញខាងវប្បធម៌ ពី«China Travel»ដល់«China Shopping» រហូតដល់«Chinamaxxing» គឺសុទ្ធតែបានធ្វើឱ្យពិភពលោកមើលឃើញប្រទេសចិនទំនើបមួយដែលពោរពេញទៅដោយកម្លាំងរស់រវើកនិងប្រកបដោយភាពបើកចំហនិងបរិយាប័ន្ន។ ការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន មិនត្រឹមតែបាននាំមកនូវឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ប្រាប់ពិភពលោកផងដែរថា «សន្តិសុខសេដ្ឋកិច្ច»ពិតប្រាកដវាមិនមែនផ្អែកលើការផ្តាច់ចេញពីគ្នាទេ តែការតភ្ជាប់គ្នា ការធ្វើការជាមួយគ្នាទើបអាចឆ្ពោះទៅរកការសម្រេចវិបុលភាពនិងវឌ្ឍនភាពរួម៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top