វៀតណាម សន្យាការពារផលប្រយោជន៍ អភិវឌ្ឍន៍របស់សហគ្រាសចិន
ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung បានឧ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍របស់សហគ្រាសចិន ប្រកបដោយប្រសិទ្ធភាព និងខិតខំបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។
លោកបានធ្វើការកត់សម្គាល់នេះ ខណៈកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីហាណូយ ជាមួយសហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅវៀតណាម ។ លោកក៏បានថ្លែងយ៉ាងខ្ពស់ អំពីសមិទ្ធផលវិនិយោគរបស់សហគ្រាសចិន នៅវៀតណាមផងដែរ។
មន្ត្រីមកពីស្ថាប័នរដ្ឋាភិបាលវៀតណាមជាង ១០ រួមទាំងក្រសួងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម លោក ហេ វៃ និងតំណាងមកពីសភាពាណិជ្ជកម្មចិន និងសហគ្រាសចិន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផលិតកម្មលំដាប់ខ្ពស់ ទូរគមនាគមន៍ និងហិរញ្ញវត្ថុ។
ឯកអគ្គរដ្ឋទូតចិន បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាម នឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងផ្តល់ការគាំទ្រដល់សហគ្រាសចិនឱ្យចាក់ឫស និងរីកចម្រើននៅក្នុងប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
