អាមេរិកថា ពួក Hacker ចិន បានលួចចូលប្រព័ន្ធកុំព្យូទ័រ របស់ក្រសួងយុត្តិធម៌ អង្គការ NASA ធនាគារសហព័ន្ធ និងព្រឹទ្ធសភា
បរទេស៖ សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរារាំងដល់ប្រតិបត្តិការលួចចូលប្រព័ន្ធកុំព្យូទ័ររបស់ចិន ដែលទទួលខុសត្រូវចំពោះការលួចចូល និងការប៉ុនប៉ងលើក្រសួងយុត្តិធម៌ អង្គការ NASA ធនាគារសហព័ន្ធ ព្រឹទ្ធសភា និងទីភ្នាក់ងាររដ្ឋាភិបាលដ៏រសើបផ្សេងទៀត។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ខ្លួនបានរឹបអូសយកដែនដែលប្រើប្រាស់ដោយវេទិកាលួចចូលប្រព័ន្ធកុំព្យូទ័រពីរ ដែលមានឈ្មោះថា QScan និង QTRouter ដែលក្រសួងថា ត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃយុទ្ធនាការនេះ។
សេចក្តីថ្លែងការណ៍មួយ បានកំណត់អត្តសញ្ញាណក្រសួងថាមពលសហរដ្ឋអាមេរិក ក្រសួងសុខាភិបាល និងសេវាមនុស្ស វិទ្យាស្ថានសុខភាពជាតិ និងក្រុមហ៊ុនចំនួនបួនដែលមិនបញ្ចេញឈ្មោះនៅសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសកូរ៉េខាងត្បូង ថា ជាជនរងគ្រោះរបស់ពួក Hacker។
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងអ៊ីមែលមួយថា ខណៈពេលដែលពួកគេមិន សូវស្គាល់ពីព័ត៌មានលម្អិតដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ “រដ្ឋាភិបាលចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតគ្រប់ទម្រង់ទាំងអស់ ស្របតាមច្បាប់”។
ប្រែសម្រួលៈ ណៃ តុលា
