ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសពីការច្បាមយក របស់សហរដ្ឋអាមេរិក លើការគ្រប់គ្រងទុនបម្រុងប្រេង ដ៏ច្រើនសន្ធឹកសន្ធាប់ ៦៥ ពាន់លានបារ៉ែល របស់វ៉េណេស៊ុយអេឡា‎

បរទេស: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសពីការជំរុញដ៏មិនធ្លាប់មានពីមុនមករបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងទុនបម្រុងប្រេង ដ៏ច្រើនសន្ធឹកសន្ធាប់មួយភាគប្រាំ របស់ប្រទេសវេណេស៊ុយអេឡា ដោយភ្នាល់ថា ក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យ ឧស្សាហកម្មថាមពលរបស់ប្រទេសជាសមាជិក OPEC រស់ឡើងវិញ ខណៈពេលដែលផ្គត់ផ្គង់ប្រភពប្រេងឆៅថ្មី ដើម្បីជួយកាត់បន្ថយតម្លៃ ប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា លោក ត្រាំ បានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីកិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែនិយាយថា សហរដ្ឋអាមេរិកទទួលបានការគ្រប់គ្រងភាគច្រើននៃទុនបម្រុងប្រេងដែលបានបញ្ជាក់របស់វេណេស៊ុយអេឡាជាង ៦៥ ពាន់លានបារ៉ែល តាមរយៈភាពជាដៃគូជាមួយអាជីវកម្មឯកជន។

‎លោក ត្រាំ បានសរសេរនៅលើ Truth Social ថា “តាមការណែនាំរបស់ខ្ញុំ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម Pete Hegseth ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីស្តីទីដ៏គួរឱ្យគោរពបំផុតរបស់ប្រទេសវេណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez និងតាមរយៈភាពជាដៃគូជាមួយអាជីវកម្មឯកជន បានធានាការគ្រប់គ្រងភាគច្រើនរបស់សហរដ្ឋអាមេរិកលើប្រេងបម្រុងជាង ៦៥ ពាន់លានបារ៉ែលដែលបានបញ្ជាក់នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយមិនគិតថ្លៃដល់អ្នកជាប់ពន្ធអាមេរិក”។

‎ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា អស់រយៈពេលជាច្រើនសប្តាហ៍លើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុនអាមេរិកនូវសិទ្ធិចូលប្រើប្រាស់រយៈពេលវែងទៅកាន់ក្រុមប្រេងរបស់វេណេស៊ុយអេឡា និងធានាការផ្គត់ផ្គង់ប្រេងឆៅ ដែលជាលទ្ធផលដល់សហរដ្ឋអាមេរិក។

‎ប្រែសម្រួល: ណៃ តុលា

To Top