ទិន្នផលសាំង របស់រុស្ស៊ីធ្លាក់ចុះដល់ ៧០% នៃតម្រូវការក្នុងស្រុក បន្ទាប់ពីត្រូវអ៊ុយក្រែន វាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់
បរទេស៖ ការផលិតប្រេងសាំងរបស់រុស្ស៊ី បានធ្លាក់ចុះមកត្រឹមប្រហែល ៧០% នៃកម្រិតប្រើប្រាស់ក្នុងស្រុកនៅចុងខែសីហា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកជាបន្តបន្ទាប់បានបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងធំៗផ្អាកប្រតិបត្តិការ, នេះបើយោងតាមប្រភពឧស្សាហកម្មពីរ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងទប់ស្កាត់ប្រាក់ចំណូល របស់ទីក្រុងមូស្គូ ដែលបង្កើតជាវិបត្តិប្រេងឥន្ធនៈ ដែលបានបង្ខំឱ្យរុស្ស៊ីនាំចូលផលិតផលប្រេងឥន្ធនៈ និងរក្សាការរឹតបន្តឹងការលក់នៅទូទាំងប្រទេស។
បន្ទាប់ពីការសម្រាកមួយរយៈខ្លីនៅចុងខែកក្កដា នៅពេលដែលអាជ្ញាធរមូលដ្ឋានមួយចំនួនបានចាប់ផ្តើមបន្ធូរបន្ថយ ឬលើកការរឹតបន្តឹងលើការលក់ប្រេងឥន្ធនៈ ការខ្វះខាតបានវិលត្រឡប់មកតំបន់រុស្ស៊ីវិញនៅក្នុងខែសីហា។
យោងតាមប្រភពព័ត៌មាន ការផលិតប្រេងសាំងនៅចុងខែសីហា បានធ្លាក់ចុះមកត្រឹមកម្រិតដូចគ្នា ដែលបានឃើញនៅដើមខែកក្កដា នៅចំណុចកំពូលនៃរលកដំបូងនៃវិបត្តិប្រេងឥន្ធនៈ ដែលបានកកើតឡើងចាប់តាំងពីខែឧសភា។
អាជ្ញាធរតំបន់បានដាក់ចេញនូវការរឹតបន្តឹងឡើងវិញ រួមទាំងការកំណត់លើការទិញក្នុងមួយអតិថិជន និងកាលវិភាគលក់ដោយផ្អែកលើលេខផ្លាកលេខចុះបញ្ជីយានយន្ត។
ផលប៉ះពាល់នៃកង្វះខាតនេះ ត្រូវបានបន្ធូរបន្ថយ ដោយផ្នែកដោយអ្នកបើកបរដែលជៀសវាង ការធ្វើដំណើរដែលមិនចាំបាច់ដោយសារតែហានិភ័យ នៃការតម្រង់ជួរវែងនៅស្ថានីយ៍ប្រេងឥន្ធនៈ ឬអស់ប្រេងឥន្ធនៈ។
ប្រែសម្រួលៈ ណៃ តុលា
