យុវជនអ៊ីស្រាអែល អាយុចន្លោះពី ១៤ ដល់ ១៦ឆ្នាំ ២នាក់ ត្រូវបានចោទប្រកាន់ថា ធ្វេីចារកម្មឱ្យអ៊ីរ៉ង់
យេរូសាឡឹម៖ ប៉ូលីសអ៊ីស្រាអែល បានឧ្យដឹងថា ក្មេងជំទង់អ៊ីស្រាអែលពីរនាក់ អាយុ ១៤ និង ១៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទចារកម្ម និងអនុវត្តការងារផ្សេងទៀត ដែលមានប្រាក់ឈ្នួលសម្រាប់ភ្នាក់ងារចារកម្មអ៊ីរ៉ង់។
អ្នកទាំងពីរមកពីតំបន់ Haifa ភាគខាងជើង អ៊ីស្រាអែល បានទាក់ទងភ្នាក់ងារអ៊ីរ៉ង់ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេ បានឆ្លើយតបទៅនឹងការផ្តល់ជូនការងារនៅលើបណ្ដាញ Telegram។
ប៉ូលីសបានឧ្យដឹងថា ក្រោយមក ក្មេងជំទង់រូបនេះបានជ្រើសរើសមិត្តភក្តិរបស់គេម្នាក់ទៀត ហើយអ្នកទាំងពីរបានអនុវត្តភារកិច្ច រួមទាំងការថតរូបទីតាំងនានា នៅកណ្តាលអ៊ីស្រាអែល ការប្រមូលព័ត៌មានអំពីការរៀបចំសន្តិសុខ ការបាញ់ថ្នាំគំនូរលើជញ្ជាំងប្រឆាំងនឹងរដ្ឋាភិបាល និងការព្យាយាមជ្រើសរើសអនីតិជនផ្សេងទៀត។
ពួកគេត្រូវបានបង់ប្រាក់រាប់ពាន់សេកែលជារូបិយប័ណ្ណគ្រីបតូ នេះបើយោងតាមប៉ូលីស។
ទូរទស្សន៍ Kan ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល បានរាយការណ៍ថា ពួកគេក៏បានផ្ញើព័ត៌មានអំពីច្រកចូល និងច្រកចេញ ក៏ដូចជាចំនួនអ្នកយាមសន្តិសុខ នៅតាមផ្សារទំនើបនានាក្នុងទីក្រុង Tel Aviv និងទីក្រុង Herzliya ដែលជាទីក្រុងមួយភាគខាងជើងនៃទីក្រុង Tel Aviv។
ករណីនេះកើតឡើងបន្ទាប់ពីការចាប់ខ្លួនជាបន្តបន្ទាប់ជុំវិញការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងការជ្រើសរើសជនជាតិអ៊ីស្រាអែល តាមអ៊ីនធឺណិត។ អាជ្ញាធរអ៊ីស្រាអែល ធ្លាប់បានព្រមានថា ភ្នាក់ងារអ៊ីរ៉ង់ កំពុងទាក់ទងអនីតិជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹងការផ្តល់ប្រាក់ សម្រាប់កិច្ចការចារកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
