មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យពិភពមូស្លីម ដើម្បីប្រឈមមុខនឹងសត្រូវពិត
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានអំពាវនាវដល់មេដឹកនាំប្រទេសមូស្លីម ឱ្យទទួលស្គាល់ “សត្រូវពិត” របស់ពួកគេ យល់ពីផែនការរបស់ពួកគេ និងប្រឈមមុខនឹងសត្រូវពិតទាំងនោះ។
នៅក្នុងសារជាលាយលក្ខណ៍អក្សរ ដែលប្រារព្ធខួបរបស់ព្យាការី Muhammad លោក Khamenei បានសង្កត់ធ្ងន់ថា ដំណោះស្រាយ ចំពោះបញ្ហានៃពិភពអ៊ីស្លាមគឺស្ថិតនៅក្នុងការរក្សាឯកភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកសេចក្តីល្អ និងគុណធម៌។
មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានលេីកឡេីងថា “ដំបូន្មានដ៏រឹងមាំ និងម្តងហើយម្តងទៀតរបស់ខ្ញុំ ចំពោះអ្នកគ្រប់គ្រងប្រទេសអ៊ីស្លាម ជាពិសេសអ្នកនៅក្នុងតំបន់អាស៊ីខាងលិច និងឈូងសមុទ្រពែរ្ស គឺត្រូវទទួលស្គាល់សត្រូវពិតរបស់អ្នក យល់ពីផែនការរបស់ពួកគេ និងប្រឈមមុខនឹងពួកគេ”។
លោកបានពិពណ៌នាអំពី «មេដឹកនាំឧក្រិដ្ឋជន» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជា «សត្រូវពិត» នៃឯកភាព និងមិត្តភាពក្នុងចំណោមប្រទេសមូស្លីម ដោយកត់សម្គាល់ថា ពួកគេគឺជា «សត្រូវ» របស់អ៊ីរ៉ង់ និងប្រជាជនរបស់ខ្លួន រណសិរ្សតស៊ូ និងពិភពមូស្លីមទាំងមូល រួមទាំងប្រជាជាតិនៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើងផងដែរ។
លោកក៏បានជំរុញឱ្យប្រទេសអ៊ីស្លាមជៀសវាងជម្លោះ និងភាពខុសគ្នាក្នុងចំណោមពួកគេ ការពារគ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងពិភពមូស្លីម៕
ប្រែសម្រួល ឈូក បូរ៉ា
