ព័ត៌មានអន្តរជាតិ

មនុស្ស ៩៣៩ នាក់ស្លាប់ និង ៣.៩២៥ នាក់បាត់ខ្លួន ក្នុងគ្រោះមហន្តរាយរអិលបាក់ដី​ នៅប្រទេសនេប៉ាល់

កាត់ម៉ាន់ឌូ៖​ អាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ របស់ប្រទេសនេប៉ាល់ បានឧ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទ សាកសពចំនួន ៩៣៩ នាក់ ត្រូវបានរកឃើញពីតំបន់​ ដែលរងគ្រោះ ដោយរអិលបាក់ដី និងមានមនុស្ស ៣.៩២៥ នាក់នៅតែបន្ដបាត់ខ្លួន។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានបញ្ជាក់ផងដែរថា មានមនុស្ស ១៦នាក់ស្លាប់ និង ៥៤៦នាក់បាត់ខ្លួន នៅក្នុងតំបន់ទីបេ បន្ទាប់ពីគ្រោះមហន្តរាយកាលពីថ្ងៃពុធ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៩១៩នាក់ និងបាត់ខ្លួន ៤,៧៩៣នាក់។

យោងតាមអាជ្ញាធរជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនេប៉ាល់ ក្នុងចំណោមអ្នកបាត់ខ្លួននៅនេប៉ាល់ មានជនបរទេសចំនួន ៥៩២នាក់ និងកម្មករគម្រោងវារីអគ្គិសនីចំនួន ៩៣៣នាក់។

តួលេខអ្នកបាត់ខ្លួនបានកើនឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងស្រុក Nuwakot ដែលកើនពី ១១៥នាក់ ដល់ ១,១៥៨នាក់ និងស្រុក Rasuwa ចំនួន ៥៦២នាក់ ។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺ ក្នុងចំណោមអ្នកបាត់ខ្លួន ក៏មានកងទ័ពនេប៉ាល់ ៤៥នាក់ មន្ត្រីប៉ូលិស ៣៨នាក់ និងមន្ត្រីគយនិងអន្តោប្រវេសន៍ ១៩នាក់ផងដែរ។

ដោយឡែក នៅក្នុងប្រទេសឥណ្ឌា អាជ្ញាធររដ្ឋ Uttar Pradesh បានរាយការណ៍ថា ពួកគេបានស្រង់សាកសពចំនួន ១៧នាក់ ចេញពីទន្លេដែលហូរមកពីប្រទេសនេប៉ាល់ ដែលសង្ស័យថាជាជនរងគ្រោះក្នុងគ្រោះទឹកជំនន់នេះ។ បច្ចុប្បន្ន អាជ្ញាធរឥណ្ឌា កំពុងធ្វើការកំណត់អត្តសញ្ញាណសាកសពទាំងនោះ ដែលមិនទាន់ត្រូវបានរាប់បញ្ចូល ក្នុងតួលេខអ្នកស្លាប់ផ្លូវការនៅឡើយទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top