អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែត្តៀមខ្លួនឆ្លើយតបទៅនឹងអ្នកឈ្លានពាន
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែនឹងឆ្លើយតបដោយកម្លាំង និងភាពម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ។
លោកបានលេីកឡេីងថា “យើងមិនស្វែងរកសង្គ្រាមទេ ហើយនេះ គឺជាសារច្បាស់លាស់មួយ ដែលយើងបានបញ្ជូនទៅកាន់ពិភពលោក រហូតមកដល់ពេលនេះ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិន ដែលអង្គុយស្ងៀមនៅចំពោះមុខការឈ្លានពានឡើយ ហើយនឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកឈ្លានពាន”។
លោកបានបន្ថែមថា អស្ថិរភាព និងភាពចលាចលនៅក្នុងតំបន់មិនមែនជាផលប្រយោជន៍របស់ប្រទេសណាមួយនោះទេ ហើយនឹងប្រឈមមុខនឹងមនុស្សគ្រប់គ្នា ដោយកត់សម្គាល់ថា ប្រទេសក្នុងតំបន់ត្រូវតែចូលរួម និងខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់។
ការកត់សម្គាល់របស់លោកបានកើតឡើងនៅពេល ដែលអ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Tim Hawkins បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានវាយប្រហារលើប្រព័ន្ធបាញ់មីស៊ីលពីរគ្រាប់នៅលើកោះ ឡារ៉ាក់ ភាគខាងត្បូងរបស់អ៊ីរ៉ង់ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) «ត្រូវបានគេសង្កេតឃើញថា កំពុងរៀបចំបាញ់រ៉ុក្កែតដែលមានមីនសមុទ្រចូលទៅក្នុងច្រកសមុទ្រហ័រមូស»។
បន្ទាប់ពីការវាយប្រហារនេះ IRGC បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធា និងជនស៊ីវិលមួយចំនួនត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនេះ ហើយបានសន្យាថា ការវាយប្រហារនេះនឹងត្រូវបានឆ្លើយតបជាមួយនឹង «ការដាក់ទណ្ឌកម្ម ចំពោះអ្នកឈ្លានពាន»៕
ប្រែសម្រួល ឈូក បូរ៉ា
