អ៊ីស្រាអែល និងក្រិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារដែនអាកាស តម្លៃ ៣.៥ ពាន់លានដុល្លារ
យេរូសាឡឹម៖ អ៊ីស្រាអែល និងក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃប្រហែល ៣ ពាន់លានអឺរ៉ូ (៣.៥ ពាន់លានដុល្លារអាមេរិក) ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអ៊ីស្រាអែល នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ដល់ទីក្រុងអាថែន នេះបើយោងតាមក្រសួងការពារជាតិអ៊ីស្រាអែលទ ។
គម្រោងនេះ ដែលត្រូវបានគេស្គាល់ថា “Achilles Shield” នឹងរួមបញ្ចូលប្រព័ន្ធប្រឆាំងមីស៊ីល David’s Sling និងប្រព័ន្ធ Spyder ដែលជាប្រព័ន្ធការពារដែនអាកាសចល័ត ដែលផលិតដោយក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Rafael។
វាក៏នឹងរួមបញ្ចូលប្រព័ន្ធ Barak MX ដែលជាប្រព័ន្ធការពារដែនអាកាស សម្រាប់ការដាក់ពង្រាយលើដីគោក និងកងទ័ពជើងទឹកដែលផលិតដោយក្រុមហ៊ុន Israel Aerospace Industries រ៉ាដា និងប្រព័ន្ធបញ្ជា និងប្រព័ន្ធត្រួតពិនិត្យជាតិផងដែរ។
ក្រសួងបានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតរវាងអ៊ីស្រាអែល និងក្រិក និងជាកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតមួយរបស់អ៊ីស្រាអែល។
កិច្ចព្រមព្រៀងដាច់ដោយឡែកមួយដែលមានតម្លៃ ២៦ លានអឺរ៉ូ សម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក Drone Dome របស់ក្រុមហ៊ុន Rafael ក៏ត្រូវបានចុះហត្ថលេខាផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
