លោក ដូណាល់ ត្រាំ សន្យាសងសឹកបន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាសងសឹកអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បាញ់មីស៊ីលផ្លោងទៅលើកងកម្លាំងអាមេរិក នៅហ្ស៊កដានីពេញមួយយប់។
លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន Fox News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង វានឹងមានការឆ្លើយតប”។
លោកប្រធានាធិបតីបានឧ្យដឹងថា កងកម្លាំងអាមេរិកបានអនុញ្ញាតឱ្យមីស៊ីលអ៊ីរ៉ង់មួយគ្រាប់ឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសពេញមួយយប់ បន្ទាប់ពីកំណត់ថា វានឹងមិនវាយប្រហារអ្វីទាំងអស់ ខណៈដែលមីស៊ីលដែលចូលមកផ្សេងទៀតត្រូវបានស្ទាក់ចាប់បាន។
បេីតាមការលេីកឡេីងរបស់ប្រធានាធិបតីអាមេរិករូបនេះ បានឧ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ នៅតែមានក្តីសង្ឃឹមតិចតួច សម្រាប់ការចរចាដែលអាចធ្វើទៅបាន។ លោកបានលេីកឡេីងថា “ពួកគេចង់ជួបខ្លាំងណាស់ ខ្ញុំគ្រាន់តែដឹងថា អ្នកមិនអាចពឹងផ្អែកលើកិច្ចព្រមព្រៀងជាមួយពួកគេបានទេ”។លោកបានបន្ដថា “ទណ្ឌកម្មកំពុងចាប់ផ្តើមយ៉ាងខ្លាំង”។
អ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងយ៉ាងហោចណាស់ ៨គ្រាប់ទៅលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើប្រព័ន្ធបាញ់មីស៊ីលរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅលើកោះ Larak នេះបើយោងតាមការចុះផ្សាយរបស់ Fox News ដោយដកស្រង់ប្រភពព័ត៌មានអាមេរិក ប៉ុន្ដែរបាយការណ៍នេះបានឧ្យដឹងថា មិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
