ព័ត៌មានអន្តរជាតិ

កងឆ្មាំបដិវត្តអ៊ីរ៉ង់ បញ្ជាក់ថា នឹងចាប់ផ្តើមវាយប្រហារសងសឹក លើសហរដ្ឋអាមេរិកវិញសាជាថ្មី

បរទេស៖យោងតាមការចេញផ្សាយ របស់ភ្នាក់ងារចិនស៊ិនហួ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGC បាននិយាយនៅយប់ថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការ វាយប្រហារប្រឆាំង នឹងមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិកប្រឆាំង នឹងខេត្តភាគខាងត្បូងរបស់អ៊ីរ៉ង់ កាលពីព្រឹកម្សិលមិញ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥ នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បាននិយាយថាការឆ្លើយតបដែល គួរឱ្យសោក ស្តាយចំពោះអ្នកឈ្លានពានបាន ចាប់ផ្តើមហើយ ដោយកត់សំគាល់ថាការការពារដែនអាកាស របស់ខ្លួនបានបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក MQ-9 Reaper របស់
អាមេរិកផង។

កងកម្លាំងអាកាសរបស់ខ្លួនក៏បានបាញ់មីស៊ីលផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើជំរុំ Titin ក្នុងប្រទេសហ្ស៊កដានី និង មូលដ្ឋានទ័ពអាកាស Shaikh Isa ក្នុងប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ថា បានសម្លាប់ទាហានអាមេរិកមួយចំនួនធំនិងបំផ្លាញទីតាំងសំខាន់ៗ និងឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើន។

ខ្លួនបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អាមេរិក នឹងអូសបន្លាយដល់ការបិទច្រកសមុទ្រ Hormuz និងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធ អ៊ីរ៉ង់កាន់តែមានការប្តេជ្ញាចិត្តក្នុងការ បង្ក្រាបកងកម្លាំងបរទេស ដែលជ្រៀតជ្រែកក្នុងផ្លូវទឹករបស់ខ្លួន។

IRGC បាននិយាយទៀតថា ការវាយប្រហារបានចាប់ផ្តើម បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក លើកន្លែងជនស៊ីវិលមួយចំនួននៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអ៊ីរ៉ង់ដោយអស់សង្ឃឹម និងជាការសងសឹកចំពោះ ឧក្រិដ្ឋជន ដែលបានវាយប្រហារយ៉ាងសាហាវលើពិធីមង្គលការមួយនៅក្នុងខេត្ត Hormozgan៕

ប្រែសម្រួល៖ស៊ុនលី

To Top