រុស្សីព្រមានជប៉ុន ជុំវិញការដាក់ពង្រាយមីស៊ីល Typhon missile នាពេលកន្លងមកនេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានព្រមានអំពីវិធានការតបត ដែលអាចធ្វើទៅបានជុំវិញការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិករបស់ប្រទេសជប៉ុន។
លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មាននៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ថា៖ស្ថានទូតជប៉ុនត្រូវបានគេជូនដំណឹង យ៉ាងច្បាស់ ថា ការដាក់ពង្រាយអាវុធប្រភេទនេះ នៅលើទឹកដីជប៉ុន សូម្បីតែក្រោមលេសនៃសមយុទ្ធយោធា គឺពិតជាមិនអាចទទួលយកបានព្រោះវាបង្កការគំរាមកំហែងដល់សន្តិសុខ
របស់រុស្ស៊ីនោះឡើយ ។
ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយដោយមូលដ្ឋានទ័ពអាកាស Kanoya ក្នុងខេត្ត Kagoshima សម្រាប់សមយុទ្ធ Valiant-Shield មានសមត្ថភាព ផ្ទុកមីស៊ីល Tomahawk ដែលមានរយៈចម្ងាយ រហូតដល់១៦០០គីឡូម៉ែត្រ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍កាលពីចុងខែមិថុនា។ វាជាប្រព័ន្ធអាវុធចម្ងាយ
ឆ្ងាយបំផុតដែលដាក់ពង្រាយក្នុងប្រទេសជប៉ុន។
ដោយអំពាវនាវឱ្យប្រទេសជប៉ុនវិល ទៅរកគោលនយោបាយសន្តិភាព របស់ខ្លួន លោកស្រី Zakharova បានបញ្ជាក់ជាថ្មីថាអធិបតេយ្យភាពរបស់រុស្ស៊ីលើប្រជុំកោះ Kuril ខាងត្បូងគឺហួសពីការចោទសួរ ។ លោកស្រីបាននិយាយថា ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ការតវ៉ាការទូត ជាមួយស្ថានទូតជប៉ុនកាលពីថ្ងៃចន្ទជុំវិញសមយុទ្ធយោធាដែលបាន
គ្រោងទុកនោះរួចមកហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
