ព័ត៌មានអន្តរជាតិ

IRGC របស់អ៊ីរ៉ង់​ ចាប់ផ្តើមសងសឹក ចំពោះការវាយប្រហារដ៏សាហាវ របស់សហរដ្ឋអាមេរិក

តេអេរ៉ង់៖​ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានចាប់ផ្តើមវាយប្រហារទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីសងសឹកចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់​ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់​ ៥នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ស្ថាប័ន​ IRGC បានឧ្យដឹងថា “ការឆ្លើយតបដែលបង្កឱ្យមានការសោកស្តាយរបស់ខ្លួនប្រឆាំងនឹងអ្នកឈ្លានពាន” បានចាប់ផ្តើមហើយ ដោយកត់សម្គាល់ថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិក “ដែលមានអរិភាព”។

កងកម្លាំងអវកាសរបស់ខ្លួនក៏បានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើកលើ Camp Titin ក្នុងប្រទេសហ្ស៊កដានី និងមូលដ្ឋានទ័ពអាកាស Shaikh Isa ក្នុងប្រទេសបារ៉ែន ដែលត្រូវបានគេរាយការណ៍ថា​ បានសម្លាប់កងទ័ពអាមេរិក “មួយចំនួនធំ” និងបំផ្លាញទីតាំងសំខាន់ៗ និងឧទ្ធម្ភាគចក្រប្រយុទ្ធជាច្រើន។

ប្រភពបានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងពន្យារពេលការបិទច្រកសមុទ្រហ័រមូស និងធ្វើឱ្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កាន់តែប្តេជ្ញាចិត្តក្នុងការ «បង្ក្រាបកងកម្លាំងបរទេស​ ដែលជ្រៀតជ្រែកក្នុងផ្លូវទឹករបស់ខ្លួន»។

IRGC បានឧ្យដឹងទៀតថា ការវាយប្រហារបាន ចាប់ផ្តើមបន្ទាប់ពីសហរដ្ឋអាមេរិក​ បានទម្លាក់គ្រាប់បែកលើកន្លែង ស៊ីវិលមួយចំនួននៅឆ្នេរសមុទ្រ ភាគខាងត្បូងរបស់អ៊ីរ៉ង់ «ដោយសារភាពអស់សង្ឃឹម» និងជាការសងសឹក ចំពោះការវាយប្រហារ «ឧក្រិដ្ឋ» និងសាហាវរបស់សហរដ្ឋអាមេរិកលើពិធីមង្គលការមួយនៅក្នុងខេត្ត Hormozgan៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top