សហភាពអឺរ៉ុប ប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន កុនុងសង្គ្រាមជាមួយរុស្ស៊ី
ឡុងដ៍៖ ប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅទីក្រុង Wicklow ប្រទេសអៀរឡង់ថា សហភាពអឺរ៉ុប នឹងបង្កើនការគាំទ្រ របស់ខ្លួនដល់អ៊ុយក្រែន និងវិនិយោគលើវិស័យ ការពារជាតិរបស់ខ្លួន។
លោកស្រី Kallas បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហភាពអឺរ៉ុបថា “សហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន តាមរយៈប្រាក់កម្ចីគាំទ្រអ៊ុយក្រែន” ដោយបន្ថែមថា សហភាពអឺរ៉ុប បានចំណាយប្រាក់ចំនួន ៨.៣៧ពាន់លានអឺរ៉ូ (៩.៧ពាន់លានដុល្លារអាមេរិក) រួចហើយក្នុងការគាំទ្រវិស័យការពារជាតិសម្រាប់អ៊ុយក្រែន និង “ជាមួយនឹងជំនួយជាច្រើនទៀត ដែលនឹងមកដល់”។
ស្តីពីអនាគតនៃបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រដល់អ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអៀរឡង់ លោកស្រី Helen McEntee បានឧ្យដឹងថា អៀរឡង់នឹងផ្តល់ថវិកាចំនួន ១០លានអឺរ៉ូ (១១.៦លានដុល្លារ) ដល់បេសកកម្មនេះ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ១២៥លានអឺរ៉ូ (១៤៥លានដុល្លារ) សម្រាប់អ៊ុយក្រែន ដែលបានប្រកាសដោយអៀរឡង់ ក្នុងខែកក្កដា។
កិច្ចប្រជុំក្រៅផ្លូវការ ដែលបានធ្វើឡើងនៅទីក្រុង Wicklow នៅថ្ងៃចន្ទ និងថ្ងៃអង្គារ គឺជាផ្នែកមួយនៃតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បច្ចុប្បន្នរបស់អៀរឡង់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំរដ្ឋមន្ត្រីការពារជាតិ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រជាជាងការធ្វើការសម្រេចចិត្តជាផ្លូវការ។
របៀបវារៈរួមមានការគាំទ្រជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប ចំពោះអ៊ុយក្រែន សន្តិសុខអវកាស និងសមុទ្រ និងស្ថានភាពនៅលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
