ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់និយាយថា រុស្ស៊ីត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅអាកាសយានដ្ឋាន Leipzig

បរទេស៖ រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនបានសន្និដ្ឋានថា រុស្ស៊ីជាអ្នកទទួលខុសត្រូវ ចំពោះការប៉ុនប៉ងវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Leipzig/Halle កាលពីខែមុន ហើយបានបញ្ជាឱ្យមានវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតប រួមទាំងការបិទស្ថានកុងស៊ុល និងមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ីនៅទីក្រុងប៊ែរឡាំង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បាននិយាយថា ការរកឃើញព័ត៌មានស៊ើបការណ៍សម្ងាត់បានបង្ហាញថា បុគ្គលដែលពាក់ព័ន្ធនឹងការវាយប្រហារនេះកំពុងធ្វើសកម្មភាពក្នុងនាមភ្នាក់ងាររដ្ឋរុស្ស៊ី។

លោកបានមានប្រសាសន៍ថា “ដោយសង្ខេប ការស៊ើបអង្កេតរបស់ប៉ូលីស គំរូនៃបទល្មើស និងការរកឃើញព័ត៌មានស៊ើបការណ៍សម្ងាត់ បង្ហាញពីការទទួលខុសត្រូវ របស់រុស្ស៊ីចំពោះការប៉ុនប៉ងវាយ ប្រហារនៅអាកាសយានដ្ឋាន Leipzig”។

ការប្រកាសនេះបានកើតឡើងនៅពេលវេលានយោបាយដ៏រសើបមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយគណបក្ស Alternative for Germany (AfD) ស្តាំនិយមជ្រុល ដែលបានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដោយនាំមុខគេក្នុងការស្ទង់មតិមុនការបោះឆ្នោតរដ្ឋ។

រដ្ឋ Saxony-Anhalt ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ រៀបចំការបោះឆ្នោតនៅថ្ងៃទី៦ ខែកញ្ញា។ បច្ចុប្បន្នគណបក្ស AfD មានការនាំមុខខ្លាំងក្នុងការស្ទង់មតិ ៤០% បើប្រៀបធៀបទៅនឹង ២៣% សម្រាប់គណបក្ស Christian Democrats អភិរក្សនិយមរបស់អធិការបតី Friedrich Merz។
ប្រែសម្រួលៈ ណៃ តុលា

To Top