ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិក​ ប្រចាំប្រទេសកាតា ចេញការព្រមានពលរដ្ឋរបស់ខ្លួន​ អំពីភាពតានតឹងក្នុងតំបន់ និងការរំខានដល់ការធ្វើដំណើរ

ដូហា៖​ ស្ថានទូតអាមេរិកប្រចាំប្រទេសកាតា​ បានចេញសេចក្តីជូនដំណឹងសន្តិសុខមួយ ដោយជំរុញឱ្យពលរដ្ឋអាមេរិកប្រុងប្រយ័ត្នខ្ពស់ ចំពេលមានភាពតានតឹង​ ដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ដោយព្រមានអំពីការលុបចោល ជើងហោះហើរ ការបិទដែនអាកាស និងការរំខានដល់ការធ្វើដំណើរ ។

ស្ថានទូតបានឧ្យដឹងថា បរិយាកាសសន្តិសុខក្នុងតំបន់ “នៅតែស្មុគស្មាញជាមួយនឹងសក្តានុពល​ សម្រាប់ការកើនឡើងដែលមិនបានមើលឃើញទុកជាមុន” ហើយបានណែនាំពលរដ្ឋអាមេរិក​ ឱ្យតាមដានយ៉ាងដិតដល់នូវប្រតិបត្តិការអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍។

ស្ថានទូត​ ក៏បានព្រមានផងដែរថា មូលដ្ឋានការទូតរបស់សហរដ្ឋអាមេរិក រួមទាំងទីតាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានកំណត់គោលដៅ ហើយថា “អ៊ីរ៉ង់ និងក្រុម​ ដែលគាំទ្រអ៊ីរ៉ង់​ អាចកំណត់គោលដៅផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស” រួមទាំងអាជីវកម្ម និងស្ថាប័នផ្សេងទៀត។

ស្ថានទូតអាមេរិក​ បានណែនាំពលរដ្ឋអាមេរិកឱ្យប្រុងប្រយ័ត្នចំពោះបរិស្ថានជុំវិញខ្លួន ជៀសវាងការធ្វើបាតុកម្ម និងការជួបជុំធំៗ ហើយក្នុងករណីមានការវាយប្រហារតាមអាកាស សូមប្រុងប្រយ័ត្នចំពោះទ្វារកញ្ចក់ បង្អួច និងកំទេចកំទីដែលធ្លាក់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top